
សេតវិមានកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) បាននិយាយថា អ៊ីរ៉ង់ អាចនឹងកំពុងពិចារណាផ្តល់ឲ្យរុស្ស៊ី នូវមីស៊ីលបាលិស្ទិកសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិក នឹងតាមដានស្ថានការណ៍រវាងអ៊ីរ៉ង់ និងរុស្ស៊ី ហើយចាត់វិធានការសមស្របតាមតម្រូវការ។
លោក Kirby បាននិយាយថា អ៊ីរ៉ង់បាននឹងកំពុងផ្តល់ឱ្យរុស្ស៊ី នូវយានដ្រូន យន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំ ដែលទីក្រុងម៉ូស្គូ បានប្រើដើម្បីវាយប្រហារអ៊ុយក្រែន។ លោកបាននិយាយថា៖ «ប្រទេសអ៊ីរ៉ង់ អាចនឹងកំពុងរៀបចំដើម្បីឈានទៅមួយជំហានបន្ថែមទៀតក្នុងការគាំទ្ររបស់ខ្លួនសម្រាប់រុស្ស៊ី។ យើងបារម្ភថា ឥឡូវនេះ អ៊ីរ៉ង់កំពុងពិចារណាផ្តល់ឲ្យរុស្ស៊ី នូវមីស៊ីលបាលិស្ទិកសម្រាប់ប្រើក្នុងប្រទេសអ៊ុយក្រែន»។
លោក Kirby បន្ថែមថា ជាថ្នូរនឹងការគាំទ្រនោះ រុស្ស៊ីបាននឹងកំពុងផ្តល់ជូនទីក្រុងតេអេរ៉ង់ នូវ «កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលមិនធ្លាប់មានពីមុនមក» រួមទាំងមីស៊ីល គ្រឿងអេឡិចត្រូនិក និងការការពារដែនអាកាស។
អ៊ីរ៉ង់ កំពុងស្វះស្វែងទិញគ្រឿងយុទ្ធោបករណ៍យោធារាប់ពាន់លានដុល្លារពីប្រទេសរុស្ស៊ី រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ រ៉ាដា និងយន្តហោះហ្វឹកហាត់ប្រយុទ្ធជាដើម៕