
សមាជិកសភាអាហ្រ្វិកខាងត្បូង កាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) បានបោះឆ្នោតគាំទ្របិទស្ថានទូតអ៊ីស្រាអែល នៅទីក្រុងប្រេតូរីយ៉ា (Pretoria) និងផ្អាកទំនាក់ទំនងការទូតទាំងអស់រហូតដល់មានបទឈប់បាញ់ត្រូវបានព្រមព្រៀងក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា។
សេចក្ដីសម្រេចនេះមានលក្ខណៈជានិមិត្ដរូប ព្រោះវាអាស្រ័យលើរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ថាតើត្រូវអនុវត្តវាឬយ៉ាងណា ខណៈអ្នកនាំពាក្យរបស់ប្រធានាធិបតីបាននិយាយថា លោក Ramaphosa បាន «កត់សម្គាល់និងកោតសរសើរ» ការណែនាំរបស់សភាស្តីពីទំនាក់ទំនងការទូតរបស់អាហ្វ្រិកខាងត្បូង ជាមួយអ៊ីស្រាអែល ជាពិសេសលើស្ថានភាពនៃស្ថានទូត។
លោក Ramaphosa និងក្រុមមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ បានរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំរបស់អ៊ីស្រាអែល ក្នុងអំឡុងពេលយុទ្ធនាការយោធាដ៏បំផ្លិចបំផ្លាញរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ដែលមានប្រជាជនច្រើន ដោយអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស៊ើបអង្កេតលើជម្លោះនោះសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន៕