
ប្រទេសហ្ស៊កដានី បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា ខ្លួនបង្កើនវត្តមានកងទ័ពនៅតាមព្រំដែនជាមួយអ៊ីស្រាអែល ហើយបានព្រមានថារាល់ការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការរុញច្រានជនជាតិប៉ាឡេស្ទីន ដោយបង្ខំឲ្យឆ្លងកាត់ទន្លេហ្ស៊កដានី នឹងតំណាងឱ្យការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសជិតខាង។
នាយករដ្ឋមន្ត្រីហ្ស៊កដានី លោក Bisher Khasawneh បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើ «គ្រប់មធ្យោបាយនៅក្នុងអំណាចរបស់ខ្លួន» ដើម្បីរារាំងអ៊ីស្រាអែល ពីការអនុវត្តគោលនយោបាយផ្ទេរអំណាចណាមួយដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់វេស ប៊ែង។
ជម្លោះរវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា បានធ្វើឱ្យមានការភ័យខ្លាចជាយូរយារណាស់មកហើយក្នុងប្រទេសហ្ស៊កដានី ដែលជាជម្រកសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនដ៏ច្រើន និងកូនចៅរបស់ពួកគេ។
ក្រុមអ្នកនយោបាយប្រកាន់ជំហតឹងក្នុងក្រុមស្តាំនិយម និងក្រុមជាតិនិយមជ្រុល នៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាន់ខ្ជាប់ជាយូរមកហើយនូវដំណោះស្រាយ «ហ្ស៊កដានី គឺប៉ាឡេស្ទីន» ចំពោះបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន។
ហ្ស៊កដានី ជាប្រទេសអារ៉ាប់ទីពីរ បន្ទាប់ពីអេហ្ស៊ីប ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព មានទំនាក់ទំនងសន្តិសុខរឹងមាំជាមួយអ៊ីស្រាអែល ប៉ុន្តែទំនាក់ទំនងពួកគេបានធ្លាក់ចុះចាប់តាំងពីការលេចឡើងនៃរដ្ឋាភិបាលស្តាំនិយមជ្រុលមួយនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល៕