
ចំនួនអ្នកស្លាប់ដោយសារជម្លោះដែលកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល មានលើសពី ១៥.៥០០ នាក់ហើយ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ស្ទ្រីប បានកើនលើសពី ១៤.០០០នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បច្ចុប្បន្នបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា មក។
លោក Ismail al-Thawabta អគ្គនាយកនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ៥.៨៤០ នាក់ និងស្ត្រីចំនួន ៣.៩២០ នាក់ ខណៈដែលមនុស្សជាង ៣៣.០០០ នាក់ ផ្សេងទៀតបានរងរបួស។
នៅតំបន់វេស ប៊ែង មនុស្សយ៉ាងហោចណាស់ ២១៨ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃអង្គារ ហើយជាង ២.៨៥០ នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០នាក់ បានបាត់បង់ជីវិត។
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃច័ន្ទថា នៅក្នុងជម្លោះបច្ចុប្បន្នរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ជាទីដែលកុមាររាប់ពាន់នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពិភពលោកកំពុងមើលឃើញពីកម្រិតនៃអំពើហិង្សា «ដែលមិនអាចប្រៀបផ្ទឹមបាន និងមិនធ្លាប់មានពីមុនមក» ចាប់តាំងពីលោកបានកាន់តំណែងកាលពីឆ្នាំ២០១៧ មក៕