
ភ្នំពេញ៖ នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងល្អមួយដល់សិស្សានុសិស្ស ដែលមានបំណងចង់ទទួលបានអាហាររូបករណ៍ បន្តការសិក្សានៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។
ក្រសួងអប់រំបានឱ្យដឹងថា សម្រាប់ប្អូនៗ សិស្សានុសិស្ស និងនិស្សិត ដែលមានបំណងចង់ស្វែងរក អាហារូបករណ៍ ដើម្បី បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅបណ្តាប្រទេ សនានានៃសហគមន៍អឺរ៉ុប សូមចូលរួមកម្មវិធី ទស្សនកិច្ចសិក្សាតាមប្រព័ន្ធ អនឡាញ “ កម្មវិធីសិក្សានៅអឺរ៉ុប“ នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ ខាងមុខនេះ ហើយ អាចចូលរួមបានជា ២វគ្គ រួមមាន ៖
វគ្គទី១ ពីម៉ោង១៤៖០០ ដល់១៦៖០០ ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ៩៖០០ ដល់១១៖០០ ម៉ោងសកល និង វគ្គទី២ ពីម៉ោង២០៖០០ ដល់ម៉ោង២២៖០០ ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ១៥៖០០ ដល់១៧៖០០ ម៉ោងសកល។
ឯកឧត្តម បានឱ្យដឹងទៀតថា ក្រៅពីទទួលបានឱកាសជួបជាមួយតំណាងប្រទេសនៃសហគមន៍អ៊ឺរ៉ុបដោយផ្ទាល់ ដែលអាចប្រាប់ប្អូនៗភ្លាមៗពីឱកាសទទូលអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ កម្មវិធីនេះក៏មានពិពណ៌នាជាវីដេអូ ខិត្តប័ណ្ណ ឬតំណភ្ជាប់ផ្សេងៗ ដែលអាចទទួលព័ត៌មានបន្ថែមទៀតជាច្រើន៕ អត្ថបទ៖ ម៉ម សំនៀង