
ក្រុមបុរាណវិទូ បាននិយាយកាលពីថ្ងៃអង្គារថា សាកសពម៉ាំមី ៥នាក់ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីលីម៉ា របស់ប្រទេសប៉េរូ ។
ការឃើញនេះ គឺជាសាកសពម៉ាំមីរបស់កូនក្មេង ៤នាក់ និងមនុស្សពេញវ័យម្នាក់ ហើយត្រូវបានគេរកឃើញនៅក្នុងបុរាណដ្ឋាន Huaca La Florida ស្ថិតនៅជ្រលងភ្នំភាគកណ្តាល Rimac ។
យោងតាមការអះអាងរបស់ក្រុមអ្នកជំនាញបានឲ្យដឹងថា សាកសពម៉ាំមីទាំងនេះ គឺជារបស់វប្បធម៌ Ychsma មុនសម័យ Inca គឺជាក្រុមមនុស្សដែលរស់នៅតំបន់ឆ្នេរភាគកណ្តាលប្រទេសប៉េរូ ប្រហែលចាប់ពីឆ្នាំ ៩០០ ដល់ឆ្នាំ ១៤៥០មុន គ.ស ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញផងដែរកាំជណ្តើរដែលមានអាយុ ៣.៥០០ឆ្នាំមុនគ.ស ហើយនិងជារបស់វប្បធម៌ Manchay ។
លោក Luis Takudaគឺជាបុរាណវិទូប៉េរូ និយាយថា បច្ចុប្បន្នពួកយើងស្ថិតនៅលើប្រាសាទមុនសម័យ Inca ដែលមានអាយុកាល ៣.៥០០ឆ្នាំ ។ ពួកយើងបានរកឃើញសាកសពម៉ាំមី ៥នាក់ ។ ៤នាក់ទំនងជាកូនក្មេង ដែល៣នាក់គ្របដោយវាយនភ័ណ្ឌ ហើយ២នាក់ទៀត គឺជាគ្រោងឆ្អឹង ។
លោកបន្តថា សាកសពម៉ាំមីទាំងនេះ មានអាយុកាល ១ពាន់ឆ្នាំ និងជារបស់វប្បធម៌ Ychsma ៕