
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសចិន ស្វាគមន៍បទឈប់បាញ់បណ្តោះអាសន្នដែលបានឈានដល់ដោយភាគីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយសង្ឃឹមថា វានឹងជួយបន្ធូរបន្ថយស្ថានភាពវិបត្តិមនុស្សធម៌ កាត់បន្ថយជម្លោះ និងបន្ធូរបន្ថយភាពតានតឹង។
នៅថ្ងៃពុធនេះ ប្រទេសចិន បានស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្អាកប្រយុទ្ធមនុស្សធម៌រយៈពេល ៤ ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ ៥០នាក់ នៅក្នុងតំបន់ហ្កាហ្សា។
លោកស្រី Mao Ning និយាយថា ចាប់តាំងពីការផ្ទុះឡើងជុំបច្ចុប្បន្ននៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ប្រទេសចិន តែងតែអំពាវនាវឱ្យមានបទឈប់បាញ់ និងបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើឱ្យស្ថានភាពធូស្រាល ការពារជនស៊ីវិល និងអនុវត្តជំនួយមនុស្សធម៌។
ប្រទេសកាតា បានបញ្ជាក់នៅថ្ងៃពុធនេះថា អ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយបន្ទាប់ពីការចរចារដ៏តានតឹង និងនៅពីក្រោយហេតុការណ៍ជាច្រើនសប្តាហ៍មក ក្នុងគោលបំណងឲ្យមានការដោះលែងចំណាប់ថ្នូរមួយចំនួនក្នុងចំណោម ២៤០នាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្ន និងដំណើរការផ្តល់ជំនួយមនុស្សធម៌។