
គណៈកម្មាធិការគ្រប់គ្រងខ្យល់កខ្វក់កណ្តាល(CPCB) របស់ប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃពុធនេះថា គុណភាពខ្យល់នៅក្នុងរដ្ឋធានីញូវដែល្លី បានធ្លាក់ពីកម្រិតអន់បំផុតកាលពីរយៈពេល ១ថ្ងៃមុន ដល់កម្រិតធ្ងន់ធ្ងរនៅថ្ងៃនេះ ។
រដ្ឋធានីមានខ្យល់កខ្វក់ជាងគេបំផុតរបស់ពិភពលោកមួយនេះ បានចាប់ផ្តើមឡើងវិញការប្រយុទ្ធប្រឆាំងប្រចាំឆ្នាំរបស់ខ្លួនលើខ្យល់កខ្វក់នៅក្នុងខែនេះ បើទោះបីជារដ្ឋាភិបាលសន្យាធ្វើឲ្យល្អប្រសើរឡើងស្ថានភាពខ្យល់កខ្វក់ក៏ដោយ ។
ទិន្នន័យពី CPCB បង្ហាញពីសន្ទស្សន៍គុណភាពខ្យល់លើសពីកម្រិត ៤០០នៅតាមតំបន់ជាច្រើន នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ។ គុណភាពខ្យល់កខ្វក់លើសពីកម្រិត ៦០ ត្រូវបានគេចាត់ទុកថាជាខ្យល់គ្មានសុខភាព ។
ខ្យល់កខ្វក់នៅក្នុងទីក្រុងញូវដែល្លី កាន់តែអាក្រក់ខ្លាំងនៅរដូវរងា ពេលដែលល្បឿនខ្យល់បក់ធ្លាក់ចុះ និងអាកាសធាតុត្រជាក់ទាក់ខ្យល់កខ្វក់បង្កឡើងដោយសាររថយន្ត ឧស្សាហកម្ម និងការដុតកាកសំណល់កសិកម្មនៅតាមរដ្ឋជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី ។
កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវដែល្លី បាននាំគ្នាត្អូញត្អែពីការពិបាកដកដង្ហើម ពេលដែលផ្សែងធូលីបន្តគ្របដណ្តប់លើរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។
លោក Himanshuដែលជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងដែល្លី បានប្រដូចការដកដង្ហើមនៅក្នុងខ្យល់កខ្វក់ ប្រៀបបាននឹងការជក់បារី ៣០ដើមក្នុង១ថ្ងៃ ។
លោកថា ពួកយើងបានមកទីនេះនៅពេលព្រឹក ពួកយើងភ្ញាក់ឡើងពេលព្រឹកគិតថាវាមិនអីនោះទេ ពួកយើងគួរតែចេញក្រៅ ពួកយើងត្រូវតែស្រូបយកខ្សល់អាកាសបរិសុទ្ធ ប៉ុន្តែស្ថានភាពនៅទីនេះមិនដូច្នោះនោះទេ ។
លោកបន្តថា ពួកយើងដើររយៈពេលប្រហែល ១ម៉ោង ហើយបើសិនជាគ្មានម៉ាស់ទេនោះ នឹងមានបញ្ហាច្រើន ដោយសារតែខ្យល់កខ្វក់នៅក្នុងទីក្រុងញូវដែល្លី ៕