
អ្នកបោះឆ្នោតនៅទីក្រុងអាំស្ទែរដាំរបស់ប្រទេសហូឡង់ នៅថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) បាននិយាយថា ពួកគេបានពិចារណាដល់ការបោះឆ្នោតបែបយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសពីការជួបនូវទិដ្ឋភាព «សុបិនអាក្រក់» របស់នាយករដ្ឋមន្ត្រីលោក Geert Wilders មកពីគណបក្សស្តាំនិយម។
ការស្ទង់មតិបង្ហាញថា យ៉ាងហោចណាស់គណបក្ស៣ ដែលរួមមានទាំងគណបក្ស PVV របស់លោក Wilders ផងដែរ អាចសង្ឃឹមឈ្នះតំណែងកំពូលរបស់ប្រទេសនេះដូចគ្នា ដោយមិនមានឈ្មោះមេដឹកនាំណាម្នាក់ច្បាស់លាស់បានលេចឡើងនោះឡើយ។ ការស្ទង់មតិដ៏មានទម្ងន់ ដែលបានចេញផ្សាយនៅមុនការបោះឆ្នោត បានបង្ហាញថា គណបក្សរបស់លោក Wilders មានភាពប្រដំប្រសងជាមួយគណបក្សអភិរក្សនិយមប្រជាជន ដើម្បីសេរីភាព និងប្រជាធិបតេយ្យ (VVD) របស់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក Mark Rutte ដោយតាមមកយ៉ាងប្រកៀកប្រកិតពីគណបក្សរួមបញ្ចូលគ្នា Labour/Green។
តែយ៉ាងណាក្ដី មានតែរឿងមួយប៉ុណ្ណោះ ដែលប្រាកដប្រជា គឺថា ប្រទេសហូឡង់នឹងទទួលបាននាយករដ្ឋមន្ត្រីថ្មីជាលើកដំបូងក្នុងរយៈពេលជាង ១ទសវត្សរ៍ បន្ទាប់ពីលោក Rutte បានលាលែងពីតំណែង កាលពីខែកក្កដា ខណៈដែលរដ្ឋាភិបាលចម្រុះទី៤ របស់លោក បានដួលរលំ ដោយបញ្ចប់អាណត្តិរយៈពេល ១៣ឆ្នាំ។ មណ្ឌលបោះឆ្នោត បានបើកនៅវេលាម៉ោង ៧:៣០ព្រឹក (ត្រូវនឹងម៉ោង ៦:៣០នាទី ម៉ោងសកល) ហើយនឹងបិទនៅម៉ោង ៩យប់ (ត្រូវនឹងម៉ោង ២០ ម៉ោងសកល) នៅពេលដែលទូរទស្សន៍ជាតិ NOS ផ្សាយការស្ទង់មតិអ្នកចាកចេញពីមណ្ឌលបោះឆ្នោតលើកដំបូងរបស់ខ្លួន៕