ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានថ្លែងថា ការលើកឡើងរបស់មន្ត្រីអនុព័ន្ធយោធាអាមេរិកប្រចាំនៅកម្ពុជានោះ គឺបានប្រាសចាកពីភាពជាក់ស្តែង និងការពិតនៅប្រទេសកម្ពុជា ខណៈក្រសួងការពារជាតិកម្ពុជា បានអនុញ្ញាតរួចហើយ តែបែរជាថាមានភាពចង្អៀតចង្អល់ទៅវិញ។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈសារអេឡិចត្រូនិក(តេលេក្រាម) នាព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា កម្ពុជាយើងបានឯកភាពរួចហើយ ក្នុងការអនុញ្ញាតិឲ្យមន្ត្រីអនុព័ន្ធយោធាអាមេរិកប្រចាំនៅកម្ពុជា ចូលទៅចុះត្រួតពិនិត្យនៅមូលដ្ឋានសមុទ្រ ដើម្បីបញ្ចប់ការសង្ស័យរបស់ពួកគេដែលបានចោទប្រកាន់ថា កម្ពុជាយើងបានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពចិននៅលើទឹកដីខ្មែរនោះ។
ប៉ុន្តែ ផ្ទុយទៅវិញក្រោយពីមន្ត្រីអនុព័ន្ធយោធានោះ បានចុះត្រួតពិនិត្យបែរជាថា ក្រសួងការពារជាតិយើងមិនបានបើកចំហឲ្យពួកគេត្រួតពិនិត្យដូចអ្វីដែលគេចង់បាននោះ។
អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ ក្នុងពេលចុះពិនិត្យនេះ ទាហានអាមេរិកបានព្យាយាមរុករកពីកន្លែងមួយទៅកន្លែងមួយរហូតហួសអំពីសំណើរបស់ខ្លួន ដែលស្នើសុំចុះឲ្យខ្លួនចូលមើលមមិនពេញលេញទៅវិញ។ យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឆ្លើយតបវិញថា ការលើកឡើងរបស់មន្ត្រីយោធាអាមេរិកនេះ មិនត្រឹមត្រូវទេ ខណៈដែលកម្ពុជាបានយល់ព្រមហើយនោះ។
ទាក់ទងនឹងករណីសំណើរបស់អាមេរិកនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីថា កងទ័ពកម្ពុជាបានសម្រេចឲ្យមន្ត្រីស្ថានទូត ឬមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះត្រួតពិនិត្យនៅតំបន់មួយចំនួននៅមូលដ្ឋានសមុទ្ររាម ប៉ុន្តែ ការអនុញ្ញាតនេះពុំមែនឲ្យពួកគេចុះត្រួតពិនិត្យស្រេចតែចិត្តគេចង់បាននោះឡើយ ដោយសារតែមូលដ្ឋានកងទ័ពមិនត្រូវបានបើកចំហពេញលេញនោះទេ មិនថានៅកម្ពុជាឬប្រទេសណានោះឡើយ៕ អត្ថបទ៖ បាន ចក់

