
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយកាលពីថ្ងៃអង្គារថា តំបន់អាមេរិកខាងត្បូង នឹងមានបញ្ហានយោបាយ ហើយច្រកចេញដើម្បីជំនះបញ្ហាទាំងនេះ គឺតាមរយៈការពិភាក្សា ពោលគឺរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយជនសេរីនិយមស្តាំលោក Javier Milei បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាហ្សង់ទីន ។
មេដឹកនាំប្រេស៊ីលរូបនេះ ពុំបានអះអាងពីសមភាគីអាហ្សង់ទីនរបស់លោកនោះឡើយ ប៉ុន្តែក្នុងព្រឹត្តការណ៍នៅវិមាន Itamaraty ជាមួយក្រុមមន្រ្តីការទូត លោក Lula និយាយថា លោកមិនត្រូវការចុះសម្រុងជាមួយប្រធានាធិបតីផ្សេងនោះឡើយនៅក្នុងតំបន់ តែលោកនឹងព្យាយាមឈានដល់កិច្ចព្រមព្រៀងដោយលទ្ធិប្រជាធិបតេយ្យ ។
លោក Lula បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterថា រដ្ឋាភិបាលប្រេស៊ីល នឹងបើកទ្វារស្វាគមន៍ការជជែកដេញដោលជាមួយអាហ្សង់ទីន ក្រោយការបោះឆ្នោត បើទោះបីជាលោក Milei និយាយអំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតថា លោកនឹងមិនចរចាជាមួយប្រេស៊ីលក៏ដោយ ហើយលោកបានចាត់ទុកលោក Lula ថាជាចោរ និងពុករលួយ នៅក្នុងចំណោមអ្នកបំពានដទៃទៀត ។
លោក Lula និយាយថា លោកមិនត្រូវចូលចិត្តប្រធានាធិបតីឈីលី អាហ្សង់ទីន វេណេស៊ុយអេឡានោះទេ ។ គាត់មិនត្រូវជាមិត្តរបស់ខ្ញុំនោះទេ គាត់ត្រូវធ្វើជាប្រធានាធិបតីប្រទេសរបស់គាត់ ហើយខ្ញុំត្រូវធ្វើជាប្រធានាធិបតីប្រទេសរបស់ខ្ញុំផងដែរ ។ ពួកយើងត្រូវមាននយោបាយរវាងរដ្ឋប្រេស៊ីល និងរដ្ឋរបស់គាត់ ។ ពួកយើងត្រូវតែអង្គុយចរចាជុំវិញតុ ម្នាក់ៗត្រូវការពារផលប្រយោជន៍របស់ពួកគេ ។ ពេលដែលគ្មាននរណាម្នាក់ត្រូវមានប្រៀបលើនរណាម្នាក់នោះ ពួកយើងត្រូវតែឈានដល់កិច្ចព្រមព្រៀង តាមបែបលិទ្ធិប្រជាធិបតេយ្យ ៕