ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣នេះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់ក្រុមការងារសហភាពអឺរ៉ុប ដែលរួមចំណែកក្នុងការលើកកម្ពស់កសិ-ពាណិជ្ជកម្មបៃតង និងតម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីផ្តល់ផលចំណេញដល់កសិករខ្នាតតូច។
យ៉ាងណាក៏ដោយ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី រាល់កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ និងជាពិសេសត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឌិត ទីណា បានលើកបញ្ជាក់បន្ថែមអំពីគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលទើបបានប្រកាសជាផ្លូវការដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្មីៗកន្លងទៅថ្មីៗនេះ ហើយដែលកំពុងត្រូវការកិច្ចសហការ និងការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត៕ ដោយ ៖ បូរ៉ាវី






