
អ្នកស្រុកក្រុងខានយូនីស នៅថ្ងៃពុធនេះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៤ថ្ងៃដែលសម្រេចបានដោយក្រុមហាម់ាស និងអ៊ីស្រាអែល។ គេថែមទាំងបានអំពាវនាវអោយមានបទឈប់បាញ់
អចិន្ត្រៃយ៍ដើម្បីអោយប្រជាជនអាចវឹលទៅរកជីវភាពរស់នៅរបស់ពួកគេជាធម្មតាឡើងវិញ។
អ្នកស្រុកខានយូនីស ឈ្មោះ ហានី អាល់ ហ៊ីនឌី(Hani al-Hindi)បាននិយាយថា បទឈប់បាញ់គួរតែមានភាពទូលំទូលាយលើតំបន់ហ្កាហ្សា ស្រ្ទីបទាំងអស់ ហើយយើងចង់អោយបទឈប់បាញ់ទូលំទូលាយនេះ ដើម្បីអោយប្រជាជនអាចទៅរករបស់ដែលចាំបាច់របស់ពួកគេ ចាប់ពីឧស្ម័ន រហូតដល់ម្សៅធ្វើនំ។
រដ្ឋាភិបាលអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅថ្ងៃពុធនេះ បានឯកភាពលើបទឈប់បាញ់រយៈពេល៤ថ្ងៃដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ៥០នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីន១៥០នាក់ ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល និងអនុញ្ញាតឲ្យដឹកជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ។
ក្រុមមន្រ្ដីមកពីប្រទេសកាតាដែលកំពុងសម្របសម្រួលការចចារសម្ងាត់ ក៏ដូចជា សហរដ្ឋអាមេរិក និងក្រុមហាម៉ាស បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងសម្រេចបានក្នុងពេលឆាប់ៗនេះ។
យោងតាមការសរុបរបស់អ៊ីស្រាអែលបានអោយដឹងថា ក្រុមហាម៉ាសត្រូវគេជឿថា កំពុងឃុំចំណាប់ថ្នូរជាង ២០០នាក់នៅពេលដែលក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានសម្រុកចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា ដោយបានសម្លាប់មនុស្សអស់១២០០នាក់។
ខណៈនេះ ក្នុងតំបន់ហ្កាហ្សាស្ទ្រីបខាងត្បូង ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស បាននិយាយថា មនុស្ស១០នាក់ បានស្លាប់ និង២២នាក់ទៀតរងរបួស ដោយសាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើអគារផ្ទះល្វែងខ្នងក្នុងក្រុងខានយូនីស។