
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ២០០នាក់ បានកកកុញនៅលើឆ្នេរនៃកោះដាច់ស្រយាលមួយរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) បន្ទាប់ពីបានអណ្ដែតនៅលើទូកឈើអស់ជាច្រើនសប្តាហ៍ ខណៈដែលអាជ្ញាធរបានច្រានចោលកិច្ចប្រឹងប្រែងរបស់មន្ត្រីមូលដ្ឋាន ដែលនឹងនាំឲ្យសមាជិកនៃជនជាតិភាគតិចមកពីសហភាពមីយ៉ាន់ម៉ាទាំងនេះបង្ខំចិត្តត្រឡប់ចូលទៅសមុទ្រវិញ។
ការមកដល់ចុងក្រោយបំផុត គឺស្ថិតនៅក្នុងចំណោមនៃសមាជិក ដែលអស់សង្ឃឹម និងហត់នឿយចំនួនជាង ១.០០០នាក់ ដែលបានចុះចតនៅច្រាំងនៃខេត្តអាឆេ (Aceh) ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន។ ប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ភាគច្រើនប្រថុយជីវិតរៀងរាល់ឆ្នាំធ្វើដំណើរតាមសមុទ្រពីជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស ដែលជាញឹកញាប់តាមទូកចាស់ៗ ដើម្បីព្យាយាមឲ្យបានទៅដល់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។
ក្រុមជនភៀសខ្លួនចុងក្រោយចំនួន ២១៩នាក់ ដែលរួមមានបុរស ៧២នាក់ ស្ត្រី ៩១នាក់ និងកុមារ ៥៦ នាក់ បានទៅដល់ទីក្រុង Sabang ក្នុងខេត្តអាឆេ ដែលមានទីតាំងនៅលើកោះមួយនៅភាគខាងជើងនៃកោះស៊ូម៉ាត្រា នៅវេលាម៉ោងប្រហែល ១១យប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា)។ ប៉ុន្តែពួកគេត្រូវបានអ្នកស្រុកមិនព្រមទទួលយក ដោយគំរាមយកពួកគេទៅសមុទ្រវិញ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា បន្ទាប់មកអាជ្ញាធរមូលដ្ឋាន បានយល់ព្រមផ្លាស់ពួកគេទៅកន្លែងផ្សេងតាមសាឡាង នាពេលក្រោយ នៅថ្ងៃពុធនេះ ទៅកាន់ទីជម្រកបណ្តោះអាសន្ន នៅក្នុងទីក្រុងធំបំផុតមួយរបស់ខេត្តអាឆេ។
ជនជាតិភាគតិច បានភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ដោយភាគច្រើនបន្ទាប់ពីមានការបង្ក្រាបដោយយោធា ក្នុងឆ្នាំ២០១៧ ដែលបានបង្ខំឲ្យពួកគេភាគច្រើនទៅតាំងទីលំនៅក្នុងជំរុំនានា ក្នុងប្រទេសបង់ក្លាដែស៕