
វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹថងការការលើកឡើងរបស់អ្នកនាំពាក្យសេតវិមានលោក John Kirby ដែលថា អ៊ីរ៉ង់អាចនឹងកំពុងពិចារណាផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទិក ដើម្បីយកទៅប្រើប្រាស់ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
អំឡុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាទៀងទាត់ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងកំពុងធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងទំនាក់ទំនងជាមួយអ៊ីរ៉ង់ រួមទាំងក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ប៉ុន្តែយើងមិនធ្វើអត្ថាធិប្បាយ ជុំវិញព័ត៌មាននេះទេ»។
កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) សេតវិមានបានបង្ហាញនូវការបារម្ភថា អ៊ីរ៉ង់អាចនឹងផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទិក ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ជាការវិវត្តន៍ ដែលទំនងជានឹងនាំមហន្តរាយដល់ប្រជាជនអ៊ុយក្រែន។ នេះបើតាមមន្ត្រីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា
ហើយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Kirby បានកត់សម្គាល់ថា អ៊ីរ៉ង់បាននិងកំពុងផ្តល់ឲ្យរុស្ស៊ីនូវយានលើអាកាសគ្មានមនុស្សបញ្ជា ឬយានដ្រូន គ្រាប់បែកកំណត់គោលដៅពីលើអាកាស និងគ្រាប់រំសេវកាំភ្លើងធំ ហើយប្រហែលជាកំពុងរៀបចំ «ដើម្បីឈានទៅមុខមួយជំហានបន្ថែមទៀត ក្នុងការគាំទ្រដល់រុស្ស៊ី»។
លោក Kirby បានគូសបញ្ជាក់ពីកិច្ចប្រជុំខែកញ្ញា ដែលអ៊ីរ៉ង់ធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដើម្បីបង្ហាញពីប្រព័ន្ធមីស៊ីលបាលីស្ទិកជាច្រើន ដែលបង្កឲ្យមានការព្រួយបារម្ភដល់សហរដ្ឋអាមេរិក៕