
សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅថ្ងៃពុធ (ទី២២ វិច្ឆិកា) បានយាងជួបដាច់ដោយឡែកពីគ្នាជាមួយសាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស និងប្រជាជនប៉ាឡេស្ទីន ដែលមានគ្រួសារនៅតំបន់ហ្កាហ្សា ហើយបានមានព្រះបន្ទូលថា ជម្លោះនេះបានទៅហួសពីពាក្យថា សង្គ្រាម តែវាបានប្រែទៅជា «អំពើភេរវកម្ម»។
ដោយមានបន្ទូលក្នុងសុន្ទរកថា ដែលមិនបានគ្រោងទុក នៅចំពោះមុខអ្នកចូលរួមដោយទូទៅនាថ្ងៃពុធរបស់ព្រះអង្គ នៅឯទីលាន St. Peter's Square ក្នុងទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលី ពោលគឺភ្លាមៗបន្ទាប់ពីកិច្ចប្រជុំនាពេលព្រឹកព្រលឹម នៅក្នុងវិមានវ៉ាទីកង់របស់ព្រះអង្គ សម្ដេច ប៉ាប បានមានព្រះបន្ទូលថា ព្រះអង្គបានឮដោយផ្ទាល់ថា តើ «ភាគីទាំង២ កំពុងរងទុក្ខវេទនាកម្រិតណា» នៅក្នុងជម្លោះនេះ។
ព្រះអង្គបានមានបន្ទូលថា៖ "នេះគឺជាអ្វី ដែលប៉ះពាល់ដោយសារសង្រ្គាម។ ប៉ុន្តែនៅទីនេះ យើងបានទៅហួសពីពាក្យថា សង្រ្គាមហើយ។ នេះមិនមែនជាសង្រ្គាមទេ តែនេះគឺជាអំពើភេរវកម្មតែម្ដង»។ ហើយព្រះអង្គបានសុំឲ្យមានការអធិដ្ឋាន ដើម្បីកុំឲ្យភាគីទាំងសងខាង «បន្តទៅមុខដោយភ្លើងកំហឹង ដែលទីបំផុតសម្លាប់មនុស្សគ្រប់គ្នា»។
កិច្ចប្រជុំ និងការអត្ថាធិប្បាយរបស់សម្តេច ប៉ាប បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមទម្លាក់អាវុធ នៅតំបន់ហ្កាហ្សាយ៉ាងហោចណាស់ ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យ មានការផ្ដល់ជំនួយ និងការដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០នាក់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធ ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ ដែលជាប់ពន្ធនាគារ នៅអ៊ីស្រាអែល៕