ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងប៉ាស៊ីហ្វិក។
ក្នុងជំនួបនេះ, ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ GAVI ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងដល់កម្ពុជា លើការងារ និងសកម្មភាពផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗ ជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាល។
ក្នុងជំនួបនេះដែរ, លោកប្រធានអង្គការ GAVI បានសាទរចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលឯកឧត្តមទទួលបាននូវការតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកប្រធានក៏បានជម្រាបជូនឯ កឧត្តមរដ្ឋមន្រ្តីផងដែរ អំពីសកម្មភាពរបស់ GAVI ដែលបាននិងកំពុងបន្តគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាល ដែលបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០០១ មក។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការ GAVI ដែលបានសហការយ៉ាងជិតស្និទ្ធជាប្រចាំជា មួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេសក្នុងកំឡុងពេលមានការរាតត្បា តនៃជំងឺកូវីដ-១៩ ដោយបានជួយគាំទ្រក្នុងការរៀបចំ និងអនុវត្តផែនការមេនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, បានជួយក្រសួងសុខាភិបាលក្នុងការស្វែងរកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ព្រមទាំងបានផ្គត់ផ្គង់ និងបំពាក់បរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនធំបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីឱ្យមានភាពស៊ាំក្នុងសង្គម និងបើកសេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីជំហររបស់ក្រសួង ក្នុងកិច្ចសហការដ៏ល្អដើមី្បកុមារកម្ពុជាទទួលនូវអត្រាគ្របដណ្តប់តាមគោលដៅ និងថ្លែងអំណរគុណដល់អង្គការ GAVI ដែលបានបញ្ជាក់ជំហរ និងប្តេជ្ញា បន្តគាំទ្រក្រសួងសុខាភិបាល ព្រមទាំងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀតទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងបានជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ រដ្ឋា











