
ប្រទេសរុស្ស៊ីបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) ហើយបាននិយាយថា ការផ្អាកប្រយុទ្ធ ក្នុងបុព្វហេតុមនុស្សធម៌ គឺជាផ្លូវតែ ១គត់ ដេលនឹងធ្វើឲ្យមានការវិវត្តន៍យ៉ាងប្រសើរឆ្ពោះទៅរកដំណោះស្រាយ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នា នៅថ្ងៃពុធនេះ ឲ្យមានបទឈប់បាញ់ នៅហ្កាហ្សាយ៉ាងហោចណាស់ ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការផ្ដល់ជំនួយ និងដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០នាក់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធ ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ ដែលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាដំណឹងល្អដំបូងពីតំបន់ហ្កាហ្សា ក្នុងរយៈពេលដ៏យូរ។ រុស្ស៊ី និងប្រទេសភាគច្រើន បានអំពាវនាវឲ្យមានបទឈប់បាញ់ និងការផ្អាកប្រយុទ្ធ ក្នុងបុព្វហេតុមនុស្សធម៌ ពីព្រោះមានតែផ្អែកលើមូលដ្ឋាននៃការផ្អាកបែបនេះប៉ុណ្ណោះ ទើបអាចគូសវាសគ្រោងនៃកិច្ចប្រឹងប្រែងនាពេលអនាគត ដែលនឹងបង្កើតបាននូវដំណោះស្រាយប្រកបដោយនិរន្តរភាព»។
រុស្ស៊ីមានទំនាក់ទំនងយូរអង្វែងជាមួយអ៊ីស្រាអែល ក្រុមហាម៉ាស និងតួអង្គសំខាន់ៗលេចធ្លោដ៏ទៃទៀត នៅមជ្ឈិមបូព៌ា ក្នុងនោះរួមទាំងអ៊ីរ៉ង់ផងដែរ។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីការឈឺចាប់របស់ពលរដ្ឋប៉ាឡេស្ទីន ដោយបានហៅវិបត្តិនេះថា ជាការបរាជ័យនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក និងបានជំរុញឲ្យអ៊ីស្រាអែលបង្ហាញការអត់ធ្មត់។ ហើយរុស្ស៊ីក៏បានធ្វើឲ្យអ៊ីស្រាអែលខឹងសម្បាផងដែរ ដោយការធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូហាម៉ាស ក្នុងទីក្រុងម៉ូស្គូ កាលពីខែមុន៕