
ជំនួយមកពីគុយវែត អារ៉ាប៊ីសាអូឌីត ឥណ្ឌូនេស៊ី និងគណកម្មការអឺរ៉ុប បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Arish របស់ប្រទេសអេហ្ស៊ីបនាថ្ងៃពុធនេះ ។
រថយន្តគិលានសង្រ្គោះ ដែលមានសរសេរពាក្យ “ឈរខាងអ្នកពីក្រសួងសុខាភិបាលគុយវែត” គឺជាផ្នែកមួយផងដែរនៃការបរិច្ចាគជំនួយមនុស្សធម៌ ។
ប្រអប់ជំនួយ ត្រូវបានមើលឃើញផងដែរដាក់ចុះពីលើយន្តហោះ និងលើកដាក់លើរថយន្តដែលមានគោលដៅឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ។
គួរឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រមការផ្អាកសង្រ្គាមរយៈពេល ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យដោះលែងចំណាប់ថ្នូរ ៥០នាក់នៅតំបន់ហ្គាហ្សា ជាការដោះដូរនឹងជនប៉ាឡេស្ទីន ១៥០នាក់ ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល ហើយនិងការចូលជំនួយមនុស្សធម៌ទៅកាន់តំបន់ឡោមព័ទ្ធមួយនេះ ។
បទឈប់បាញ់លើកដំបូងនៅក្នុងសង្រ្គាមដ៏ឃោឃៅរយៈពេលជិត ៧សប្តាហ៍ ដែលបានឈានដល់ ក្រោយកិច្ចចរចាសម្របសម្រួលដោយកាតានេះ ត្រូវបានគេកោតសរសើរនៅជុំវិញពិភពលោកថា ជាសញ្ញានៃដំណើរវិវត្តន៍ដែលអាចឈានទៅរកការបញ្ចប់ការរងគ្រោះរបស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ហើយនិងការនាំយកចំណាប់ថ្នូរអ៊ីស្រាអែល មកផ្ទះវិញទាំងអស់ ៕