
ដោយដកស្រង់ពីប្រភពនានា ដែលមិនបញ្ចេញឈ្មោះ សារព័ត៌មាន Financial Times នៅថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា អាជ្ញាធរអាមេរិកបានបំផ្លាញផែនការសម្លាប់អ្នកបំបែកខ្លួនសាសនា Sikh នៅសហរដ្ឋអាមេរិក ហើយបានចេញការព្រមានដល់ប្រទេសឥណ្ឌាអំពីការព្រួយបារម្ភ ដែលថា រដ្ឋាភិបាល នៅទីក្រុងញូវដេលី មានជាប់ពាក់ព័ន្ធ ក្នុងគម្រោងការនេះ។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ នៅមិនទាន់មានការឆ្លើយតបភ្លាមៗនោះឡើយពីក្រសួងការបរទេសឥណ្ឌា ឬពីស្ថានទូតអាមេរិក នៅទីក្រុងញូវដេលី សម្រាប់ការស្នើសុំការអត្ថាធិប្បាយ។ តែយ៉ាងណាក្ដី សារព័ត៌មាន Financial Times បានឲ្យដឹងថា ប្រភពមិនបាននិយាយថា តើដោយសារការព្រមានទៅកាន់ប្រទេសឥណ្ឌា ទើបបណ្តាលឲ្យមានការបោះបង់ចោលពីអ្នករៀបចំគម្រោងការនេះ ឬថា តើគម្រោងនោះត្រូវបានទប់ស្កាត់ដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ឬយ៉ាងណា។
របាយការណ៍បានបន្ថែមថា ការព្រមានតវ៉ាទៅកាន់ទីក្រុងញូវដេលី ត្រូវបានកត់ត្រា បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ត្រូវបានស្វាគមន៍ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដោយប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងខែមិថុនា។
របាយការណ៍នេះកើតឡើង ២ខែបន្ទាប់ពីប្រទេសកាណាដាបាននិយាយថា មានការចោទប្រកាន់ «គួរឲ្យទុកចិត្តបាន» ដែលភ្ជាប់ភ្នាក់ងារឥណ្ឌាទៅនឹងការសម្លាប់ កាលពីខែមិថុនាលើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh លោក Hardeep Singh Nijjar នៅជាយក្រុង Vancouver។ ប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់របស់កាណាដា។
របាយការណ៍របស់ Financial Times បានឲ្យដឹងទៀតថា ក្រៅពីការព្រមានខាងការទូតទៅកាន់ឥណ្ឌា រដ្ឋអាជ្ញាសហព័ន្ធអាមេរិក ក៏បានធ្វើការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យយ៉ាងហោចណាស់ម្នាក់ នៅក្នុងតុលាការក្រុងញូវយ៉កផងដែរ។ សារព័ត៌មាននេះ បានកំណត់អត្តសញ្ញាណ ឈ្មោះ Gurpatwant Singh Pannun ថា ជាគោលដៅនៃផែនការដែលត្រូវបានរារាំងនេះ៕