អង់គ្លេស៖ ក្រុមប្រទេស G7 រួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកបានមកជួបជុំគ្នានៅក្នុងប្រទេសអង់គ្លេស ដើម្បីជួបប្រជុំទល់មុខគ្នាលើកដំបូងចាប់តាំងពីការឆ្លងរាតត្បាតវីរុសកូរ៉ូណា ដែលកិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅទីក្រុងរមណីយដ្ឋាន Cornwall ប្រទេសអង់គ្លេស។

មេដឹកនាំក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថតរូបជាក្រុមគ្រួសារជាមួយម្ចាស់ក្សត្រី Elizabeth របស់ប្រទេសអង់គ្លេស។ របៀបវារៈសម្រាប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ រួមមានភាពប្រឈមដ៏លេចធ្លោរបស់ពិភពលោក ទាក់ទងទៅនឹងការឆ្លងរាលដាលជំងឺ COVID-19, បម្រែបម្រួលអាកាសធាតុ បញ្ហាពន្ធនៃសាជីវកម្មពហុជាតិសាសន៍ និងការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា នេះជាកិច្ចប្រជុំមួយដែលចាំបាច់ត្រូវតែធ្វើឡើង ដោយសារតែយើងចាំបាច់ត្រូវប្រាកដថា យើងមានបទពិសោធន៍ពីរោគរាតត្បាត យើងនឹងគ្មានម្តងទៀតនូវបញ្ហាមួយចំនួន ដែលយើងគ្មានការសង្ស័យបានកើតឡើងក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ហើយយើងត្រូវធានាថា យើងនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ។
មេដឹកនាំចូលរួមទាំងអស់ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងផ្តល់វ៉ាក់សាំងការពារវីរុស COVID -19 ចំនួន ១ពាន់លានដូសដល់ពិភពលោក។ កាលពីពេលមុន លោក Boris Johnson បានសន្យាថា នឹងជួយវ៉ាក់សាំងដល់ប្រជាជននៅលើពិភពលោកនៅចុងឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បាននិយាយថា លោកនឹងពន្យល់ពីវិធានការប្រឆាំងនឹងមេរោគឆ្លង ដែលត្រូវបានធ្វើឡើងសម្រាប់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅពេលខាងមុខ ដើម្បីទទួលបានការគាំទ្រពីប្រទេស G7៕
អត្ថបទ៖ ប៊ុនថន