ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានជំរុញឱ្យប៉ាគីស្ថានបញ្ឈប់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលគ្មានឯកសារក្នុងអំឡុងរដូវរងាដ៏អួរអាប់នេះ។

លោក បាបា បាឡូច (Babar Baloch) អ្នកនាំពាក្យប្រចាំតំបន់របស់អង្គការ UNHCR និយាយថា UNHCR កំពុងអំពាវនាវឱ្យរដ្ឋាភិបាលប៉ាគីស្ថានបញ្ឈប់ការបញ្ជូនទៅប្រទេសកំណើតរបស់ពួកគេវិញដ៏ច្រើនទាំងនេះក្នុងអំឡុងពេលរដូវរងាដ៏អាក្រក់នេះ ព្រោះភាពត្រជាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានពិតជាមានគ្រោះថ្នាក់ដល់ជីវិត ហើយអាចឆក់យកជីវិតមនុស្សបានទៀតផង។
នៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង ជាទីដែលមានជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សែននាក់រស់នៅ នគរបាលបានស្វែងរកពីផ្ទះមួយទៅផ្ទះមួយនៅក្នុងជម្រកតូចៗរបស់ជនភៀសខ្លួនកាលពីថ្ងៃអង្គារ។ ប្រទេសប៉ាគីស្ថាននិយាយថា ការធ្វើទុក្ខបុកម្នេញលើជនភៀសខ្លួនដែលមានឯកសារគឺកម្រណាស់ ហើយប្រទេសនេះកំពុងចាត់វិធានការប្រឆាំងនឹងក្រុមជនល្មើស។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថានគួរតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយប៉ាគីស្ថានគួរតែកំណត់អត្តសញ្ញាណបុគ្គលងាយរងគ្រោះដែលត្រូវការការការពារជាអន្តរជាតិ។ ប្រទេសប៉ាគីស្ថានគឺជាទីម្រកសម្រាប់ក្រុមជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤លាននាក់ ក្នុងនោះ ប្រហែល ១,៧ លាននាក់គ្មានឯកសារ។
ទីក្រុង អ៊ីស្លាម៉ាបាដ(Islamabad) បាននិយាយកាលពីខែមុនថា ខ្លួននឹងបណ្តេញជនភៀសខ្លួន គ្មានឯកសារជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ស្របពេលមានជម្លោះជាមួយទីក្រុងកាប៊ុល ជុំវិញការចោទប្រកាន់ថា ប្រទេសគ្រប់គ្រងដោយក្រុមតាលីបង់មួយនេះ ផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប៉ាគីស្ថាន។ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៧០.០០០ នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃទី១ ខែតុលាមក។
ទីក្រុងអ៊ីស្លាម៉ាបាដ មិនបានអើពើការអំពាវនាវពីបណ្ដាអង្គការអន្តរជាតិ និងទីភ្នាក់ងារជនភៀសខ្លួនឲ្យពិចារណាឡើងវិញចំពោះផែនការនិរទេសខ្លួននោះឡើយ៕