រថយន្តបើកក្នុងល្បឿនដ៏លឿនមួយគ្រឿង បានបង្កគ្រោះថ្នាក់ហើយបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើស្ពានតភ្ជាប់រដ្ឋញូវយ៉ក និងរដ្ឋ អនថារីយ៉ូ (Ontario) នៅក្នុងតំបន់ នីហ្ការ៉ា ហ្វល (Niagara Falls) រវាងសហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ដោយបានសម្លាប់មនុស្សពីរនាក់នៅក្នុងរថយន្តនោះ និងបង្កឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខ ដែលបណ្ដាលឲ្យមានការបិទច្រកព្រំដែនអាមេរិក-កាណាដា ចំនួនបួនច្រក និងអាកាសយានដ្ឋានអន្តរជាតិ បឺសហ្វូឡូ (Buffalo)។

ប៉ុន្មានម៉ោងក្រោយមក ក្រុមអាជ្ញាធរសហព័ន្ធ និងរដ្ឋបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញភស្តុតាងនៃអំពើភេរវកម្មនោះទេ ទោះបីជាកាលៈទេសៈជុំវិញស្ពានឥន្ទធនូនោះនៅតែមានភាពស្រពិចស្រពិលនៅឡើយ បណ្ដាលឲ្យគេមិនទាន់អាចកំណត់បានថា តើឧបទ្ទវហេតុនេះគឺជាអចេតនា ឬដោយចេតនា។

វីដេអូនៃឧប្បត្តិហេតុនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានបង្ហាញរថយន្តមួយគ្រឿងនោះ កំពុងធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន បន្ទាប់មកបានបុកវត្ថុអ្វីមួយ ហើយហោះឡើងលើអាកាស និងធ្លាក់មកដីវិញ ហើយបានផ្ទុះឆេះនៅក្នុងអណ្តាតភ្លើង។

ក្រុមអាជ្ញាធរមិនបានប្រាប់ឈ្មោះមនុស្សពីរនាក់ដែលគេជឿថាត្រូវបានស្លាប់នោះទេ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលការព្រួយបារម្ភផ្នែកសន្តិសុខកើនឡើងនៅជុំវិញពិភពលោក ដោយផ្តើមចេញពីជម្លោះនៅមជ្ឈិមបូព៌ា និងនៅអំឡុងពេលមមាញឹកនៃការធ្វើដំណើរវិស្សមកាលរបស់ពលរដ្ឋសហរដ្ឋអាមេរិក នៅមុនថ្ងៃបុណ្យរំលឹកគុណ (Thanksgiving)៕