ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំង ២០ (G20) កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ថា រុស្ស៊ីចាំបាច់ត្រូវគិតពីមធ្យោបាយដើម្បីបញ្ឈប់ «សោកនាដកម្ម» នៃសង្រ្គាមនៅអ៊ុយក្រែន ដែលជាការលើកឡើងដ៏សន្តិភាពបំផុតរបស់លោកពូទីន រហូតមកដល់បច្ចុប្បន្នអំពីជម្លោះនេះ។

ការសម្រេចរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ ក្នុងការបញ្ជូនទាហានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ បានបង្កឱ្យមានជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងររវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោកពូទីន បានប្រាប់កិច្ចប្រជុំតាមអនឡាញរបស់ប្លុក G20 ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថា «ពិតណាស់ សកម្មភាពយោធាតែងតែជាសោកនាដកម្ម។ យើងគួរតែគិតពីមធ្យោបាយដើម្បីបញ្ឈប់សោកនាដកម្មនេះ ហើយរុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែននោះទេ»។
ការលើកឡើងនេះ បើទោះបីជាមានគោលបំណងយ៉ាងច្បាស់សម្រាប់ការនិយាយយកគួរជាមួយអន្តរជាតិក៏ដោយ ប៉ុន្តែគឺជាការលើកឡើងដ៏សន្តិភាពបំផុតមួយរបស់លោក ពូទីន ចំពោះសង្រ្គាមអស់រយៈពេលជាច្រើនខែ ហើយផ្ទុយទៅនឹងការលើកឡើងដ៏យូរអង្វែងរបស់លោកអំពីភាពបរាជ័យ និងភាពក្រអឺតក្រទមរបស់សហរដ្ឋអាមេរិក៕