លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជំរុញឱ្យមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង ២០ របស់ពិភពលោកកាលពីថ្ងៃពុធ ២២ វិច្ឆិកាថា ត្រូវធ្វើអ្វីដែលចាំបាច់ដើម្បីធានាថាជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស មិនរីករាលដាលក្លាយទៅជាជម្លោះកាន់តែធំនោះទេ ខណៈកំពុងព្រួយបារម្ភពីអសន្តិសុខ និងអស្ថិរភាពនៅអាស៊ីខាងលិច ។

លោកបានថ្លែងបែបនេះ នៅឯការបើកកិច្ចប្រជុំកំពូលតាមវីដេអូនៃបណ្តាប្រទេស G20 ដែលឥណ្ឌាធ្វើជាប្រធាន មុនប្ដូរវេណឲ្យទៅប្រទេសប្រេស៊ីលនៅខែក្រោយ។
ការអត្ថាធិប្បាយរបស់លោក Modi ស្តីពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើតឡើងនៅពេលដែលភាគីទាំងពីរបានព្រមព្រៀងឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាយ៉ាងហោចណាស់ ៤ ថ្ងៃ ដើម្បីផ្តល់ជំនួយ និងដោះលែងចំណាប់ខ្មាំងយ៉ាងតិច ៥០នាក់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធ ហាម៉ាស ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០ នាក់ដែលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល។

ប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះដើម្បីពិនិត្យមើលវឌ្ឍនភាពលើការផ្តល់យោបល់គោលនយោបាយ និងគោលដៅដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G20 ដែលរៀបចំនៅទីក្រុងញូវដេលីកាលពីខែកញ្ញាកន្លងទៅ និងដើម្បីកំណត់ពីរបៀបបង្កើនល្បឿនឆ្ពោះទៅរកគោលដៅនានារបស់ខ្លួន៕
