ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ២២ ខែវិច្ឆិកាថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាបានខួងផ្លូវចំនួន ៣ភាគ៤ តាមកំទេចកំទីឆ្ពោះទៅរកកម្មករចំនួន ៤១ នាក់ដែលជាប់នៅក្នុងផ្លូវរូងក្រោមដីដែលដួលរលំអស់រយៈពេល១១ ថ្ងៃកន្លងមកនេះ ដោយបង្កើនក្តីសង្ឃឹមការជួយសង្រ្គោះបានដោយជោគជ័យ ដោយមានជំនួយពីគ្រឿងចក្រ ។

ក្រុមវិស្វករកំពុងធ្វើការដើម្បីរុញបំពង់ដែកជម្រៅយ៉ាងហោចណាស់៥៧ ម៉ែត្រ ចូលក្នុងដី បេតុង និងកម្ទេចថ្ម ដែលបានបាក់ ធ្វើឲ្យបុរសទាំងនោះជាប់ខ្លួន ចាប់តាំងពីផ្នែកមួយនៃផ្លូវរូងក្រោមដីក្នុងពេលកំពុងសាងសង់នៅរដ្ឋតំបន់ភ្នំហិម៉ាល័យ អ៊ុតារៈខណ្ឌ(Uttarakhand) បានបាក់រលំកាលរយៈពេល ១១ ថ្ងៃកន្លងមកនេះ។

រថយន្តបឋមសង្គ្រោះបានត្រៀមខ្លួនរួចជាស្រេចនៅជិតច្រកចូល ដោយសង្ឃឹមថាក្រុមបុរសដែលជាប់នៅទីនោះអាចត្រូវបានរំដោះចេញក្នុងពេលឆាប់ៗនេះ។
រដ្ឋមន្ត្រីប្រចាំរដ្ឋ Uttarakhand លោក ភូស្កាស៊ីញ ដាមី (Pushkar Singh Dhami) បាននិយាយថា ការងារនេះគឺស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង នៅពេលលោកបានទៅដល់ទីតាំងកើតហេតុកាលពីល្ងាចថ្ងៃពុធ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងារសង្រ្គោះកំពុងត្រូវបានធ្វើក្នុងល្បឿនដ៏លឿន ដោយនិយាយថា ក្រុមវិស្វករបានខួងប្រវែង ៤៥ម៉ែត្រ ក្នុងជម្រៅ ៥៧ម៉ែត្រ ដែលធ្វើឱ្យមានភាពជឿនលឿនភ្លាមៗបន្ទាប់ពីដំណើរការយឺតយ៉ាវជាច្រើនថ្ងៃមកនេះ ៕
-