មីយ៉ាន់ម៉ា៖ ប្រធានអង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សាកំពុងរាលដាលទូទាំងសហភាពមីយ៉ាន់ម៉ា ដោយព្រមានថា សហភាពនេះបានធ្លាក់ចូលក្នុងមហន្តរាយសិទ្ធិមនុស្ស ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

ដោយបញ្ជាក់អំពីការកសាងកម្លាំងយោធានៅក្នុងតំបន់ជាច្រើន ឧត្ដមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet អំពាវនាវឱ្យបញ្ឈប់នូវអំពើហិង្សាដែលកំពុងកើតមានរួចទៅ និងដើម្បីបញ្ចៀសការបាត់បង់ជីវិត និងដោះស្រាយភាពបន្ទាន់ផ្នែកមនុស្សធម៌។ ក្នុងរយៈពេលតែជាង ៤ខែប៉ុណ្ណោះ សហភាពមីយ៉ាន់ម៉ាបានចេញពីលទ្ធិប្រជាធិបតេយ្យផុយស្រួយ ទៅជាមហន្តរាយសិទ្ធិមនុស្ស។ លោកស្រីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា មេដឹកនាំយោធាត្រូវមានការទទួលខុសត្រូវចំពោះវិបត្តិនេះ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃសុក្រចំពោះរបាយការណ៍ ដែលអាចជឿទុកចិត្តបានដែលបង្ហាញថា យ៉ាងហោចណាស់ជនស៊ីវិល ៨៦០នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបដ៏ឃោរឃៅ ដោយកម្លាំងសន្តិសុខនៅលើការតវ៉ាស្ទើរតែរាល់ថ្ងៃ ប្រឆាំងនឹងរដ្ឋប្រហារ។
លោកស្រីនិយាយថា ការប្រយុទ្ធបានផ្ទុះឡើងនៅក្នុងសហគមន៍ជាច្រើន ជាពិសេសនៅតាមទីប្រជុំជនដែលមានចំនួនអ្នកស្លាប់ច្រើន ដោយសារស្នាដៃនគរបាល ហើយអ្នកស្រុកមួយចំនួនបានបង្កើតជាកម្លាំងការពារ។ កម្លាំងសន្តិសុខរដ្ឋបានបន្តប្រើប្រាស់អាវុធធុនធ្ងន់ រួមមានទាំងការវាយប្រហារតាមអាកាសទៅលើក្រុមប្រដាប់អាវុធ និងក្រុមជនស៊ីវិល រួមទាំងព្រះវិហារគ្រិស្ត។ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយក្នុងរបាយការណ៍ដែលអាចជឿទុកចិត្តបានថា កម្លាំងសន្តិសុខបានប្រើប្រាស់ជនស៊ីវិលជាខែល បាញ់ផ្លោងចូលផ្ទះជនស៊ីវិល និងព្រះវិហារ និងបានរារាំងដំណើរការចូលរបស់អង្គការមនុស្សធម៌ ព្រមទាំងបានវាយប្រហារលើបុគ្គលិកផ្តល់ជំនួយ។ លោកស្រីបាននិយាយថា មនុស្សជាង ១០៨,០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្នុងរដ្ឋ Kayah ក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ហើយមនុស្សជាច្រើនទៀតបានភៀសខ្លួន ចូលទៅក្នុងតំបន់ព្រៃដោយខ្វះអាហារ ទឹក អនាម័យ ឬការថែទាំសុខភាព។
លោកស្រីបានអំពាវនាវឱ្យមានកងកម្លាំងការពារប្រជាជន និងក្រុមប្រដាប់អាវុធដទៃទៀតចាត់វិធានការ ដែលអាចធ្វើបានទាំងអស់ដើម្បីការពារជនស៊ីវិល។ លោកស្រី Bachelet បានរិះគន់ការចាប់ខ្លួនជាបន្ដបន្ទាប់នូវសកម្មជន អ្នកសារព័ត៌មាន និងអ្នកប្រឆាំងរបបយោធា ខណៈប្រភពដែលអាចជឿទុកចិត្តបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤.៨០៤នាក់កំពុងស្ថិតនៅក្នុងការឃុំឃាំងដោយខុសច្បាប់៕
អត្ថបទ៖ ប៊ុនថន