កងទ័ពអ៊ីស្រាអែល បានបង្ហាញផ្លូវរូងក្រោមដីដ៏រឹងមាំ នៅក្បែរមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ ដែលបានបញ្ចប់ជាមួយនឹងបន្ទប់ទឹក ផ្ទះបាយ និងបន្ទប់ប្រជុំម៉ាស៊ីនត្រជាក់ ដែលខ្លួនបាននិយាយថា បានបម្រើជាប៉ុស្តិ៍បញ្ជាការសម្រាប់យុទ្ធជនហាម៉ាស។

កំណាត់ផ្លូវរូងក្រោមដីដែលមានកម្ពស់ប្រហែល ២ម៉ែត្រ (៦-១/២ហ្វីត) ត្រូវបានចូលតាមច្រកខាងក្រៅក្នុងបរិវេណមន្ទីរពេទ្យ ដែលធ្លាប់មានមនុស្សកកកុញដោយជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលកងទ័ពបាននិយាយថា បានបម្រើជាខែលការពារមនុស្សពីសង្គ្រាម។

លោកវរសេនីយ៍ឯក Elad Tsuri មេបញ្ជាការកងពលតូចរថពាសដែកអ៊ីស្រាអែល ដែលបានរកឃើញផ្លូវរូងក្រោមដីនេះ បាននិយាយថា៖«នោះជាវិធីដែលពួកគេ អាចរស់នៅបាន ពីព្រោះពួកគេប្រើប្រាស់មន្ទីរពេទ្យជាខែលការពារមនុស្ស ហើយនៅទីនេះ ពួកគេអាចស្នាក់នៅបានរយៈពេលយូរ។ មានបន្ទប់មួយដែលមានម៉ាស៊ីនត្រជាក់ នៅខាងក្នុង»។
អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសជាយូរមកហើយថា បានប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដែលស្វែងរកការលាក់បាំងកងកម្លាំងរបស់ខ្លួន ក្នុងចំណោមប្រជាជនស៊ីវិល។