តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថាន បានទទួលយកពាក្យសុំនៅក្រៅឃុំកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ពីអតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ដែលត្រូវបានឃុំខ្លួន នេះបើយោតាមមេធាវីរបស់លោកបាននិយាយ រយៈពេលមួយថ្ងៃបន្ទាប់ពីតុលាការមួយផ្សេងទៀតបានប្រកាសថាការកាត់ក្តីរបស់លោក ខាន់ គឺខុសច្បាប់ទៅលើការចោទប្រកាន់ពីការលេចធ្លាយអាថ៌កំបាំងរដ្ឋ។
អតីតកីឡាករវាយគ្រីឃីតរូបនេះកំពុងទប់ទល់នឹងការតស៊ូផ្លូវច្បាប់ផ្សេងៗក្នុងក្តីសង្ឃឹមនៃការដោះលែងពីពន្ធនាគារ និងដឹកនាំគណបក្សរបស់ខ្លួននៅក្នុងយុទ្ធនាការសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ ដោយគូប្រជែងដ៏សំខាន់របស់លោក ដែលជាអតីតនាយករដ្ឋមន្ត្រីមួយរូបផ្សេងទៀត កំពុងសង្ឃឹមថានឹងទទួលជ័យជម្នះ។
អ្នកនយោបាយវ័យ ៧១ ឆ្នាំរូបនេះត្រូវបានកាត់ទោសកាលពីថ្ងៃទី ៥ ខែសីហា ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។
លោកមេធាវី ណែអេម ផានជុថា (Naeem Panjutha) បាននិយាយថា តុលាការកំពូលបានទទួលយកសំណើសុំនៅក្រៅឃុំហើយ ប៉ុន្តែពុំមានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់សវនាការនោះទេ ដោយបន្ថែមថា តុលាការកំពូលនឹងស្វែងរកធាតុចូលពីរដ្ឋាភិបាលលើពាក្យសុំនេះ។
លោក ខាន់ បានស្ថិតនៅចំកណ្តាលនៃភាពចលាចលនយោបាយដ៏អូសបន្លាយនៅក្នុងប្រទេសប៉ាគីស្ថាន ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែ ដោយបានបង្កឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើឥទ្ធិពលរបស់យោធាដ៏មានអំណាចរបស់ប្រទេសនេះលើនយោបាយស៊ីវិល៕