ខណៈកិច្ចខិតខំប្រឹងប្រែងនៅតែបន្តសម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការដោះលែងចំណាប់ថ្នូរប្រហែល ២៤០ នាក់ ដែលត្រូវបានចាប់ឃុំឃាំងដោយក្រុមប៉ាឡេស្ទីនហាម៉ាស អ្នកចិត្តសាស្រ្តកុមារម្នាក់និយាយថាខ្លួនកំពុងជួបការលំបាករវាងភាពសោកសៅផ្ទាល់ខ្លួន និងបំណងប្រាថ្នាក្នុងការជួយព្យាបាលផ្លូវចិត្តចំណាប់ថ្នូរកុមារឱ្យជាសះស្បើយឡើងវិញ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ថ្នូររហូតដល់ ៤០ នាក់ ដែលត្រូវបានឃុំខ្លួន គឺជាកុមារ រួមទាំងទារកអាយុ ១០ ខែម្នាក់ និងកុមារកម្រិតមត្តេយ្យសិក្សាផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ដាបណា ដូលប៊ឺក (Daphna Dollberg) ដែលជាអ្នកចិត្តសាស្រ្តផ្នែកព្យាបាល និងអភិវឌ្ឍន៍ នៅមហាវិទ្យាល័យសិក្សា យ៉ាហ្វហ្វូ (Yaffo) នៃទីក្រុង តែលអាវីវ របស់អ៊ីស្រាអែល បានធ្វើការងារនេះអស់រយៈពេល ៣០ ឆ្នាំ ហើយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានផ្តោតលើការព្យាបាលផ្លូវចិត្តរបស់ឪពុកម្តាយ និងកូនដែលផ្តោតលើការប៉ះទង្គិចផ្លូវចិត្ត។

លោកស្រីនិយាយថា ផ្នែកមួយនៃសោកនាដកម្មនេះ គឺការមិនដឹងពីវិសាលភាពពេញលេញនៃរបួសផ្លូវចិត្តដែលកើតឡើងចំពោះចំណាប់ថ្នូរ។ លោកស្រីបន្ថែមថា ចំណាប់ថ្នូរជាច្រើនទំនងជាត្រឡប់មកវិញដោយមានរោគសញ្ញាបង្ហាញពីជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត ហើយការស្តារផ្លូវចិត្តឡើងវិញគឺអាចធ្វើទៅបាន ប៉ុន្តែនឹងតម្រូវឱ្យមានការដំណើរការ និងការគាំទ្រ ហើយពួកគេនឹងមិនអាចបំភ្លេចព្រឹត្តិការណ៍នោះបានឡើយ៕