ប្រជាជនអ៊ីស្រាអែល បានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលបួនថ្ងៃ ដែលសម្រេចបានរវាងរដ្ឋាភិបាល និងក្រុមហាម៉ាស កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈពួកគេបន្តជំរុញឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា ស្ទ្រីប។
ពលរដ្ឋអ៊ីស្រាអែលម្នាក់និយាយថា «ខ្ញុំពិតជាសង្ឃឹមថាចំណាប់ថ្នូរទាំង ៥០នាក់នោះ នឹងគ្រាន់តែជាមនុស្សដំបូងគេដែលត្រូវបានដោះលែង។ ហើយរៀងរាល់សប្តាហ៍ ឬរយៈពេលបន្ទាប់ទៀត ពួកគេនឹងដោះលែងមនុស្សទាំងអស់។ មនុស្សទាំងនេះស្លូតត្រង់ណាស់ ហើយពួកគេមិនបានធ្វើអ្វីខុសឡើយ»។
បន្ទាប់ពីជម្លោះដ៏បង្ហូរឈាមអស់រយៈពេលជាង ៤៦ ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃពុធ (២២ វិច្ឆិកា) បានបញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ពួកគេលើសំណើសម្របសម្រួលដោយប្រទេសកាតា សម្រាប់បទឈប់បាញ់នៅក្នុងតំបន់ឆ្នេរសមុទ្រហ៊ុមព័ទ្ធមួយនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ចំណាប់ថ្នូរយ៉ាងតិច ៥០ នាក់ ភាគច្រើនជាកុមារ និងស្ត្រី នឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ១៥០ នាក់ ពីពន្ធនាគារអ៊ីស្រាអែល។
វិបត្តិចំណាប់ថ្នូរអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើអ៊ីស្រាអែល ដោយបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់រួមទាំងទាហាន និងជនស៊ីវិល ដែលមានកុមារ ស្ត្រី និងមនុស្សចាស់នៃជាតិសាសន៍ផ្សេងៗទៀតទៅតំបន់ហ្កាហ្សា៕