នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា កាកបាទក្រហមនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅសួរសុខទុក្ខចំណាប់ថ្នូរដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សា។

លោកនិយាយថា អ៊ីស្រាអែលកំពុង «ទទួលជ័យជម្នះ» ហើយនឹងបន្តសង្រ្គាមរហូតដល់ខ្លួនទទួលបាន «ជ័យជម្នះពេញលេញ» ។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធចំពោះបទឈប់បាញ់នៅតំបន់ហ្កាហ្សាយ៉ាងហោចណាស់រយៈពេលបួនថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងការដោះលែងចំណាប់ថ្នូរ យ៉ាងហោចណាស់ ៥០នាក់ ដែលឃុំឃាំងដោយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាការដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ ដែលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែល និយាយថា បទឈប់បាញ់អាចត្រូវបានបន្ថែមពេល ប្រសិនបើចំណាប់ថ្នូរកាន់តែច្រើនត្រូវបានដោះលែង ហើយប្រភពពីប៉ាឡេស្ទីនបាននិយាយថា ចំណាប់ថ្នូរសរុបរហូតដល់ ១០០ នាក់អាចត្រូវបានដោះលែងនៅចុងខែនេះ។