រុស្ស៊ី និយាយកាលពីថ្ងៃពុធថា ខ្លួនបានតវ៉ាទៅកាន់ប្រទេសហ្វាំងឡង់ បន្ទាប់ពីរថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញ បានដាក់តាំងបង្ហាញនៅជិតសភាប្រទេសហ្វាំងឡង់។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា«ហេតុអ្វីបានជាពួកគេធ្វើបែបនេះ ហើយធ្វើដើម្បីអ្វី? ហេតុអ្វីបានជាហ្វាំងឡង់ ត្រូវការបែបនេះ?

រថក្រោះ T-72B3 របស់រុស្ស៊ីដែលរងការបំផ្លាញ ត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ក្នុងគំនិតផ្តួចផ្តើមដោយសមាគមគាំទ្រអ៊ុយក្រែនចំនួនពីរ នៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីរំលឹកដល់ប្រជាជនអំពីជម្លោះនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Elina Valtonen បាននិយាយថា ពួកគេត្រូវបានជូនដំណឹងដោយប្រទេសរុស្ស៊ីជាផ្លូវការ អំពីការមិនពេញចិត្តរបស់ពួកគេ ប៉ុន្តែបាននិយាយបន្ថែមថា ជាសង្គមបើកចំហ ប្រទេសហ្វាំងឡង់ ពិតណាស់អាចមានវិធីដើម្បីបង្ហាញជាក់ស្តែងការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន ក្នុងវិធីជាច្រើន។

ភាពតានតឹង បានកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុង Helsinki ចាប់តាំងពីប្រទេសហ្វាំងឡង់ បានចូលជាសមាជិករបស់សម្ព័ន្ធយោធាណាតូកាលពីដើមឆ្នាំនេះ ក្នុងការឆ្លើយតបទៅនឹងជម្លោះអ៊ុយក្រែន ហើយភាពតានតឹងបានកើនឡើងបន្ថែមទៀតកាលពីសប្តាហ៍មុន នៅពេលដែលប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ បានបិទច្រកឆ្លងកាត់ចំនួនបួនកន្លែង នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។