សារព័ត៌មានYonhap បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានផ្អាកកិច្ចព្រមព្រៀងមានរយៈពេលប្រាំឆ្នាំ ដែលបានឈានដល់ជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា ជាការសងសឹកចុងក្រោយចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង។

សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អះអាងថា មេដឹកនាំលោក គីម ជុងអ៊ុន បានពិនិត្យមើលឡើងវិញរូបភាពនៅមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅកោះហ្គាំ ដែលផ្ញើមកដោយឧបករណ៍ New Eye in the Sky របស់ទីក្រុងព្យុងយ៉ាង។

ជាសម្ព័ន្ធមិត្តឈានមុខរបស់សហរដ្ឋអាមេរិក ក្នុងការរិះគន់ការបាញ់ផ្កាយរណបកាលពីថ្ងៃអង្គារថាជា«ការបំពានធ្ងន់ធ្ងរ»នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសកូរ៉េខាងត្បូងបានមានចំណាត់ការកាលពីថ្ងៃពុធក្នុងការផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ជាវិធានការបន្តបន្ទាប់ដែលត្រូវបានដាក់ធ្វើឱ្យធូស្រាលភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើង បាននិយាយថា កូរ៉េខាងត្បូងកំពុងបំផ្លាញកិច្ចព្រមព្រៀងទាំងស្រុង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឲ្យដឹងថា ក្រសួងបាននិយាយថា «យើងនឹងដកចេញវិធានការយោធា ដែលធ្វើឡើងដើម្បីទប់ស្កាត់ភាពតានតឹង និងជម្លោះនៅគ្រប់ផ្នែក រួមទាំងដីគោក សមុទ្រ និងដែនអាកាស ហើយដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងយុទ្ធោបករណ៍ប្រភេទថ្មីនៅក្នុងតំបន់តាមបណ្តោយខ្សែបន្ទាត់កំណត់ព្រំដែនយោធា។
ទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានរិះគន់ការបាញ់បង្ហោះផ្កាយរណប Malligyong-1 បំពានទណ្ឌកម្ម ដែលរូបភាពរបស់សារព័ត៌មាន KCNA បង្ហាញឲ្យឃើញ ត្រូវបានពិនិត្យមើលដោយលោក Kim កំពុងញញឹម។