ប្រភពព័ត៌មានពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់ បាននិយាយថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅចំនួនពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ដោយបានសម្លាប់អ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ចំនួន ៨ នាក់ ក្នុងការសងសឹកចំពោះការវាយប្រហារម្តងហើយម្តងទៀត ទៅលើកងទ័ពអាមេរិក។

ការវាយប្រហារពីរលើក ដែលបានធ្វើឡើងបន្ទាប់ពីការទម្លាក់គ្រាប់បែកស្រដៀងគ្នារបស់កងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានធ្វើឲ្យមានការថ្កោលទោសពីរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលបាននិយាយថា វាមិនត្រូវបានពិភាក្សាអំពីសកម្មភាពយោធានៅលើដីរបស់ខ្លួន។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារដោយឡែកពីគ្នា និងចំគោលដៅទៅលើទីតាំងពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មានដដែលបាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហារមកលើ កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ ធ្វើឡើងដោយអ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។
កងពលក្រុមហេសបូឡា(Hezbollah) គាំទ្រដោយអ៊ីរ៉ង់ ជាផ្នែកមួយនៃកងកម្លាំងចល័តដ៏ពេញនិយម នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយថា ការវាយប្រហារនេះ បានសម្លាប់អ្នកប្រយុទ្ធរបស់ខ្លួនចំនួន៨នាក់ ។
មន្ទីរបញ្ចកោណ និយាយថា ប៉ុន្មានម៉ោងមុននេះ យន្តហោះចម្បាំងមួយគ្រឿងបានវាយប្រហារលើយានយន្តរបស់អ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីពួកគេបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតទៅលើបុគ្គលិក និងសម្ព័ន្ធមិត្តអាមេរិក។
វាជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិកបានប្រកាសការវាយប្រហារលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីពួកគេបានបើកការវាយប្រហារលើគោលដៅរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់អ៊ីស្រាអែល ក្នុងសង្រ្គាមរបស់ប្រទេសនេះដើម្បីកម្ទេចក្រុមហាម៉ាស់។
-