យោងតាមយោធាកូរ៉េខាងត្បូងបាននិយាយឲ្យដឹងថា កូរ៉េខាងជើង បានអនុវត្តការសាកល្បងមីស៊ីលមិនទទួលបានជោគជ័យនោះទេតាមដែលសង្ស័យ មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់ផ្កាយរណបចារកម្មដោយជោគជ័យ។

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះចេញមកពីតំបន់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង កាលពីល្ងាចថ្ងៃពុធ។ នាយសេនាធិការចម្រុះ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលនេះត្រូវបានបាញ់ចូលទៅក្នុងសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ហើយកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងបានបរាជ័យ។

ការបាញ់បង្ហោះរបស់ប្រទេសកូរ៉េខាងជើង បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានផ្អាកផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងផ្នែកយោធាអន្តរកូរ៉េឆ្នាំ ២០១៨ ដើម្បីឆ្លើយតបទៅនឹងការបាញ់ផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារនៃផ្កាយរណបចារកម្មយោធា។
ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធច្រើនជាងមុននិងយុទ្ធោបករណ៍ច្រើនបន្ថែមទៀតនៅតាមព្រំដែនហើយនឹងលែងកំណត់ដោយកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ទៀតហើយ។
ក្រសួងការពារជាតិរបស់កូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសកូរ៉េខាងត្បូងត្រូវតែ ទទួលខុសត្រូវចំពោះការបង្កហេតុខាងនយោបាយ និងផ្នែកយោធាធ្ងន់ធ្ងរ ដែលបានរុញស្ថានភាពបច្ចុប្បន្នដល់ដំណាក់កាលដែលមិនអាចគ្រប់គ្រងបាន។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារអវកាសរបស់កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់ផ្កាយរណប Malligyong-1 ដោយជោគជ័យទៅកាន់គន្លងវិថី ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពឃ្លាំមើលប្រឆាំងកងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។