រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មកដល់នាចុងសប្ដាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខតាមបែបសាសនានៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣។

ក្នុងពិធីបួងសួងសុំសេចក្តីសុខនេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានផ្ដាំផ្ញើទៅដល់កីឡាករកីឡាការិនីអុំទូកទាំងអស់នៅក្នុងអំឡុង នៃការប្រកួតអុំទូកនៅក្នុងព្រះរាជពិធីអុំទូកខាងមុខនេះ ហាមដាច់ខាតមិនឲ្យមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស» កិច្ចការនេះក៏បានឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក៏ដូចជាអ្នកគ្រប់គ្រងកីឡាករ កីឡាការិនី ធ្វើការណែនាំបន្ត និងសូមរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ក៏ត្រូវតែមើលថែកីឡាករ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ព្រះរាជពិធីបុណ្យអុំទូក ធ្វើឡើងដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគរបានរឹងមាំនាសម័យនោះ ហើយព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនាឆ្នាំនេះ គឺជាឆ្នាំទី១ នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយប្រទេសកម្ពុជាទទួលជោគជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺកូវីដ-១៩។ អនុវត្តតាម អនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ដព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ ពោលគឺធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបាននូវភាពរលូន និងជោគជ័យ។

សូមជម្រាបជូនថា ក្រៅពីការសំណេះសំណាលជាមួយកីឡាករ កីឡាការិនីអុំទូក ឯកឧត្តម ឃួង ស្រេង ក៏បាននាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនកីឡាករ កីឡាការិនីចំណុះទូកចំនួន ៤៤ទូករបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










