ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ការបញ្ចប់ជំងឺអេដស៍ តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាជាតិស្តីពីការផ្តល់សុពលភាពលើផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨)។ សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល UNAIDS USAID អង្គការសង្គមស៊ីវិល ប្រជាជនគន្លឹះ យុវវ័យ និងអ្នករស់នៅជាមួយមេរោគអេដស៍, នាព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានរំឭកថា នៅចន្លោះឆ្នាំ២០១១ដល់២០១៧ កម្ពុជា បានទទួលពានរង្វាន់អង្គការសហប្រជាជាតិចំនួន២ ហើយត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង១០ នៅលើពិភពលោក ដែលសម្រេចបាននូវគោលដៅជាសកលក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរួមរបស់យើងនៅថ្ងៃនេះ និងឆ្នាំខាងមុខនឹងធ្វើឱ្យបេសកកម្មរបស់ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) អាចធ្វើទៅបានពិតប្រាកដ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្ពុជាយើងនឹងអាចធានាថាការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យមានការសម្របសម្រួលយ៉ាងល្អ មានបរិយាបន្ន មានសហគមន៍ដែលម្ចាស់ការ មានការអនុវត្តអភិក្រមដែលយកប្រជាជនជាធំ មានភាពធន់ និងធានាបានចីរភាព ក្នុងការបញ្ចប់ជំងឺអេដស៍មិនឱ្យក្លាយជាការគំរាមកំហែងសុខភាពសាធារណៈនាឆ្នាំ២០២៨ខាងមុខនេះ បានក្លាយទៅជាពិតជាក់ស្តែង។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការបញ្ចប់ជំងឺអេដស៍តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយនឹងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ ឯកឧត្តម ទេសរដ្ឋមន្រ្តីផ្ញើសេចក្តីសង្ឃឹមលើអ្នកចូលរួមទាំងអស់ ក្នុងការលើកទឹកចិត្តឱ្យសហការីធ្វើការជាមួយសហគមន៍ ពិសេសយុវវ័យ ១) ក្នុងការបិទគម្លាតនៃគោលដៅ៩៥ដំបូង ២) រក្សាបាននូវផលចំណេញ នៃការព្យាបាលដោយផ្តោតលើសមធម៌ និង៣)ជំរុញឱ្យមានចីរភាព និងភាពជាម្ចាស់ក្នុងការឆ្លើយនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដោយឈរលើគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាព នៃការឆ្លើយតបនៅឆ្នាំ២០២៣-២០២៨ យើងគួរតែចាប់ផ្តើមពង្រីកវិសាលភាព នៃកម្មវិធីនានា ស្វែងយល់ស៊ីជម្រៅអំពីវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ និងរៀបចំសកម្មភាពផ្លាស់ប្តូរ ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕ អត្ថបទ រដ្ឋា







