
នគរបាលបូលីវី បានចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ចំហេះព្រៃដែលកំពុងឆាបឆេះនៅទូទាំងតំបន់ផ្សេងៗគ្នាកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈក្រុមអ្នកពន្លត់អគ្គិភ័យវេណេហ្ស៊ុយអេឡា បានមកដល់ប្រទេសតំបន់ភ្នំអង់មួយនេះ ដើម្បីគាំទ្រប្រតិបត្តិការនេះ។
ក្រុមមន្ត្រីពាក់ឯកសណ្ឋាននគរបាលជាច្រើនបានប្រើប្រាស់ម៉ាស៊ីនបាញ់ទឹក និងពេលខ្លះដបទឹកដើម្បីពន្លត់អណ្តាតភ្លើង ខណៈដែលបានសហការជាមួយក្រុមពន្លត់អគ្គិភ័យនៅក្នុងតំបន់ ឡាប៉ាស (La Paz) ដែលជាផ្នែកមួយរងផលប៉ះពាល់ខ្លាំងបំផុតដោយចំហេះព្រៃ។
កាលពីថ្ងៃពុធ ក្រុមអ្នកពន្លត់អគ្គិភ័យថ្មីរបស់វេណេហ្ស៊ុយអេឡា ចំនួន ៤០ នាក់ បានទៅកាន់ប្រទេសនេះ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Luis Arce បានអំពាវនាវសុំជំនួយអន្តរជាតិ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំហេះព្រៃបានលេបត្របាក់ផ្ទៃដីជិត ៣ លានហិចតានៅទូទាំងប្រទេស ហើយបានរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបូលីវី បណ្ដាលឲ្យមានការលុបចោលជើងហោះហើរ និងបិទសាលារៀនដោយសារតែគុណភាពខ្យល់មិនល្អ៕