
រដូវរងាកំពុងខិតចូលមកដល់ក្នុងប្រទេសអ៊ុយក្រែន ខណៈសង្គ្រាមនៅតែបន្តជាមួយរុស្ស៊ី និងការព្រួយបារម្ភបានកើនឡើងជុំវិញការជជែកដេញដោលរបស់សហរដ្ឋអាមេរិក អំពីការបន្តជំនួយយោធា និងជំនួយផ្សេងទៀត។
ខណៈភាពតានតឹងកាន់តែខ្លាំង និងការផ្ដោតអារម្មណ៍ស្ថិតនៅលើមជ្ឈិមបូព៌ា វាអាចជារឿងងាយស្រួលក្នុងការបំភ្លេចថា ការប្រយុទ្ធនៅតែបន្តកើតមាននៅទូទាំងប្រទេសអ៊ុយក្រែន។
អាមេរិកបានបញ្ជូនជំនួយយោធារាប់ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែនក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ហើយនៅទីក្រុងវ៉ាស៊ីនតោន មានសំណួរកាន់តែច្រើនឡើងអំពីថា តើជំនួយនោះគួរតែបន្តផ្ដល់ឲ្យអ៊ុយក្រែន ឬយ៉ាណា។ ការគាំទ្រដ៏រង្គោះរង្គើនោះធ្វើឱ្យមានការព្រួយបារម្ភដល់ប្រជាជនអ៊ុយក្រែនជាច្រើនដែលកំពុងត្រៀមខ្លួនសម្រាប់រដូវរងាដ៏ត្រជាក់មួយទៀត។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ឡយដ៎ អសស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានទៅទស្សនកិច្ចនៅទីក្រុង គីវ ដើម្បីព្យាយាមធានាដល់អ៊ុយក្រែនឡើងវិញ។
ហើយបន្ទាប់មកក្នុងថ្ងៃដដែលនោះ ក្រសួងការបរទេស បានប្រកាសកញ្ចប់ថវិកាថ្មីដែលមានតម្លៃរហូតដល់ ១០០ លានដុល្លារអាមេរិកសម្រាប់សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍សម្រាប់អ៊ុយក្រែន។ ប៉ុន្តែនោះមិនមែនជាថវិកាដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្នើសុំនោះទេ គឺថវិកានោះត្រូវបានបែងចែករួចសម្រាប់អ៊ុយក្រែនជាយូរមកហើយ៕