
បណ្ដាសមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) នេះថា ប្រទេសកូរ៉េខាងជើង បានទទួលជំនួយពីប្រទេសរុស្ស៊ី សម្រាប់ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យរបស់ខ្លួនក្នុងសប្តាហ៍នេះ ។
ការបាញ់បង្ហោះកាលពីថ្ងៃអង្គារនេះ គឺជាការប៉ុនប៉ងលើកទីបីរបស់កូរ៉េខាងជើង បន្ទាប់ពីការព្យាយាមបរាជ័យចំនួនពីរលើក ហើយជាលើកដំបូងចាប់តាំងពីការធ្វើដំណើរដ៏កម្ររបស់មេដឹកនាំគីមកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី កាលពីខែកញ្ញា ក្នុងអំឡុងពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាថានឹងជួយទីក្រុងព្យុងយ៉ាង សាងសង់ផ្កាយរណប។
យោងតាមលោក យ៉ូ សាងប៊ុម (Yoo Sang-bum) សមាជិកនៃគណៈកម្មាការស៊ើបការណ៍សម្ងាត់សភាបានឱ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីររូបនោះ កូរ៉េខាងជើងបានបញ្ជូនទិន្នន័យស្តីពីយានដែលប្រើក្នុងការបាញ់បង្ហោះផ្កាយរណបចំនួនពីរលើកកាលពីមុន ហើយរុស្ស៊ីបានផ្តល់ការវិភាគទិន្នន័យរបស់ខ្លួន។
ការបាញ់បង្ហោះចុងក្រោយនេះបានបង្កឱ្យមានការថ្កោលទោសពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ខណៈកូរ៉េខាងត្បូងបានផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយកូរ៉េខាងជើង។ ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធមិនធ្វើប្រតិបត្តិការអាវុធជាមួយគ្នានោះទេ ប៉ុន្តែបានប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធា៕