
អ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួនបានបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្កាហ្សាពេញមួយយប់ ដោយបានរកឃើញនិងបំផ្លាញផ្លូវរូងក្រោមដីជាច្រើនកន្លែង មុនពេលបទឈប់បាញ់រយៈពេលបួនថ្ងៃ ត្រូវបានព្រមព្រៀងចូលជាធរមាន កាលពីថ្ងៃពុធ ។ កងកម្លាំងការពារជាតិ អ៊ីស្រាអែល បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានថា ការបំផ្លាញផ្លូវរូងក្រោមដីចុងក្រោយ ឈានទៅដល់ចំនួនប្រហែល ៤០០កន្លែងនៃច្រកផ្លូវ ដែលយោធាបានបង្ហាញ និងបានបំផ្លាញ ចាប់តាំងពីពេលចាប់ផ្តើមប្រតិបត្តិការតាមដីគោករបស់ខ្លួនកាលពីថ្ងៃទី ២៧ ខែតុលា។
អង្គភាពកងកម្លាំងពិសេស Yahalom នៃក្រុមវិស្វកម្មប្រយុទ្ធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរកឃើញ និងបំផ្លាញច្រកផ្លូវទាំងនេះ ដោយប្រើវិធីសាស្រ្តផ្សេងៗ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានអះអាងជាយូរមកហើយថា ច្រកផ្លូវជាច្រើនកន្លែងតភ្ជាប់ទៅនឹងបណ្តាញបង្កប់នៃផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់ នៅក្រោមមជ្ឈមណ្ឌលដែលមានប្រជាជនរស់នៅ នៅទូទាំងតំបន់ហ្កាហ្សា មានទីតាំងនៅក្នុងមន្ទីរពេទ្យ សាលារៀន និងលំនៅឋាន។
យោធាបានទទូចឱ្យជនស៊ីវិលនៅក្នុងទីក្រុងចាស់ Jabalia តំបន់ហ្កាហ្សា និងជាពិសេសសង្កាត់នៅជិតខាង Shuja'iya ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅភាគខាងត្បូងតំបន់ហ្កាហ្សា តាមច្រករបៀងដែលត្រូវបានការពារនៅត្រឹមម៉ោង ៤ រសៀល ម៉ោងក្នុងតំបន់។ អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Avichay Adraee បានសរសេរនៅលើបណ្តាញ X ថា យើងទទូចឱ្យអ្នកទាំងអស់គ្នា ជម្លៀសខ្លួនចេញពីតំបន់លំនៅឋានរបស់អ្នកជាបន្ទាន់ដើម្បីការពារសុវត្ថិភាពរបស់អ្នក ទៅតាមផ្លូវ Salah al-Din រហូតដល់ម៉ោង ១៦:០០នាទី ដើម្បីទៅដល់ភាគខាងត្បូងតំបន់ Wadi Gaza និងតំបន់មនុស្សធម៌។