ស្ទឹងត្រែង ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យទីតាំង ផលិតស្រា-ស ចំនួន៤កន្លែង នៅក្នុងក្រុងខេត្តស្ទឹងត្រែង ក្នុងគោលបំណងពង្រឹងគុណភាពចំណីអាហារ ដើម្បីការពារសុខភាពដល់អ្នកបរិភោគ។
ក្នុងឱកាសចុះពិនិត្យទីតាំងផលិតស្រា-ស នៅខេត្តស្ទឹងត្រែង កាលពីម្សិលមិញ លោក គឹម ប្រុស ប្រធានសាខា (ក.ប.ប) ប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នីតិវិធីនេះ មន្ត្រីជំនាញក្រោយពីបាន ត្រួតពិនិត្យផ្នែកសង្វាក់ផលិតហើយ និងយកស្រា-សគ្រប់ទីតាំងទាំងអស់ទៅពិនិត្យនៅឡាបូធ្វើវិភាគពី គុណភាព នៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានក.ប.ប រួចហើយនឹងផ្តល់លទ្ធផលវិភាគនេះមកម្ចាស់ ផលិតវិញ។
លោកប្រធាន បានបន្តថា រាល់ម្ចាស់សិប្បកម្មផលិតស្រា-ស ត្រូវមានភាពទទួលខុសត្រូវចំពោះ ផលិតផលរបស់ខ្លួន ក្នុងករណីរកឃើញមិនប្រក្រតី ជំហានដំបូង មន្ត្រីជំនាញ ឱ្យម្ចាស់ធ្វើកិច្ចសន្យា និងណែនាំឱ្យកែប្រែ បើមិនអនុវត្តតាម លើកក្រោយ នឹងត្រូវផាកពិន័យអន្តរការណ៍ និងព្រមានជាលាយ លក្ខណ៍អក្សរ ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល និងសេវា ឬក៏ឈានទៅបិទ ការធ្វើអាជីវកម្ម។
ម្ចាស់អាជីវកម្មផលិតស្រា-ស ទាំងអស់ បានចូលរួមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដែល ការអនុវត្តបានបែបនេះ វាពិតជាបានរួមចំណែកការពារផ្នែកសេដ្ឋកិច្ចអ្នកប្រើប្រាស់ និងទប់ស្កាត់បានការ ក្លែងបន្លំផងដែរ។ ការពិនិត្យរបស់មន្ត្រីជំនាញ ជារនាំងមួយការពារទុកជាមុន ដោយសារកន្លងមក នៅតាម បណ្តាខេត្តមួយចំនួន ធ្លាប់កើតមានករណីពុលស្រា បណ្តាលឱ្យស្លាប់មនុស្សជាច្រើននាក់។ ជាលើកទីមួយ ដែលមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ បានចុះពិនិត្យសិប្បកម្ម អាជីវកម្ម ផលិតស្រា-ស នៅខេត្តស្ទឹងត្រែង ចំនួន៤កន្លែង ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ៕
អត្ថបទ៖ មាស ផល្លា