
សហព័ន្ធកីឡាបាល់ទាត់វេណេហ្សុយអេឡា (FVF) កាលពីថ្ងៃពុធ (ទី២២ វិច្ឆិកា) បានថ្កោលទោសចំពោះការប្រព្រឹត្តិរបស់នគរបាលប៉េរូមកលើកីឡាករមួយរូបនៃក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ World Cup ដែលក្រុមទាំង២ មានលទ្ធផលស្មើគ្នា ១-១ កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) នៅទីក្រុងលីម៉ារបស់ប្រទេសប៉េរូ។
កីឡាករជម្រើសជាតិវេណេហ្ស៊ុយអេឡា គឺខ្សែការពារ Nahuel Ferraresi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្លួនបានរងរបួសនៅម្រាមដៃខាងឆ្វេង ដោយសារមន្ត្រីនគរបាលប៉េរូ ប្រើដំបងវាយលើរូបគេ ២ដង ខណៈដែលរូបគេព្យាយាមចូលទៅជិតអ្នកគាំទ្រវេណេហ្ស៊ុយអេឡា នៅកន្លែងអង្គុយមើល បន្ទាប់ពីបញ្ចប់ការប្រកួត។ សារព័ត៌មាននានា ក៏បានបង្ហាញពីវីដេអូនៃឧប្បត្តិហេតុនេះផងដែរ។
ប្រធានរដ្ឋសភាវេណេហ្សុយអេឡា លោក Jorge Rodriguez និងរដ្ឋមន្ត្រីការបរទេសលោក Yvan Gil បានរិះគន់ប្រទេសប៉េរូ ជុំវិញការចោទប្រកាន់ដែលថា បានរំលោភបំពានកីឡាករជម្រើសជាតិរបស់ខ្លួន៕