គណៈប្រតិភូនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ថា នាំមកនូវការផ្អាកប្រយុទ្ធនិងដោះលែងចំណាប់ថ្នូរ ត្រូវអនុវត្តឲ្យបានពេញលេញ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ និងបានពិភាក្សាពីកិច្ចព្រមព្រៀងដែលបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមឥស្លាមនិយមប៉ាឡេស្ទីន។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់ បានព្រមព្រៀងដោះលែងស្ត្រីនិងកុមារ៥០នាក់ ដែលបានចាប់ជាចំណាប់ថ្នូរកាលពីថ្ងៃទី៧ ខែតុលា។ ក្នុងការដោះដូរនេះ អ៊ីស្រាអែលនឹងដោះលែង ពលរដ្ឋប៉ាឡេស្ទីនជាប់ពន្ធនាគារចំនួន១៥០នាក់ និងអនុញ្ញាតឲ្យជំនួយត្រូវបានដឹកជញ្ចូនចូលទៅកាន់តំបន់ហ្កាហ្សា។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ បានស្វាគមន៍កិច្ចព្រមព្រៀងនេះ និងបានជំរុញឲ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងឲ្យបានពេញលេញ។ អ្នកចូលរួមក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងការស្លាប់និងរងរបួសជនស៊ីវិល ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល។ ឯកអគ្គរដ្ឋទូតសហរដ្ឋងាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា អ៊ីស្រាអែល មានការទទួលខុសត្រូវការពារជនស៊ីវិល ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈប្រទេសនេះអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីការពារប្រជាជនពីសកម្មភាពភេរវកម្ម។ អ្នកអង្កេតការណ៍អចិន្ត្រៃយ៍ប៉ាឡេស្ទីន លោក Riyad Mansour បាននិយាយថាការផ្អាកប្រយុទ្ធនេះ មិនត្រឹមតែជាការបញ្ឈប់អចិន្ត្រៃយ៍ មុនពេលមានការសម្លាប់រង្គាលបន្ថែមទៀត នោះទេ។ លោកបានអំពាវនាវ ឲ្យគណៈប្រតិភូយល់ពីសន្តិភាពយូរអង្វែង ដោយចាប់ផ្តើមពីការផ្អាកប្រយុទ្ធនេះតទៅ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Gilad Erdan បាននិយាយជាថ្មីអំពីជំហររបស់ប្រទេសលោកថា អ៊ីស្រាអែល នឹងបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ៊ុមព័ទ្ធ។ លោកនិយាយថាអ៊ីស្រាអែល នឹងមិនបញ្ឈប់នោះទេ រហូតដល់យើងលុបបំបាត់គ្រប់សមត្ថភាពភេរវកម្មទាំងអស់របស់ក្រុមហាម៉ាស់ និងធានាបានថាក្រុមហាម៉ាស់លែងគ្រប់គ្រងតំបន់ហ្កាហ្សាទៀតហើយ។