សៀមរាប ៖ សិស្សានុសិស្សផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ទទួលបានបណ្ណាល័យ ពីសប្បុរសជនប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍន៍ការអប់រំ។បណ្ណាល័យនោះស្ថិតនៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ដែលបានផ្ដល់ជូនកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣នេះ។
លោកស្រី ផាក មិនជូ តំណាងសប្បុរសជនកូរ៉េ មានប្រសាសន៍ថា គម្រោងបណ្ណាល័យកុមារ ផារ៉ុត ផារ៉ុត នៃប្រទេសកូរ៉េខាងត្បូង បានបើកសម្ភោធបណ្ណាល័យនៅក្នុងវិទ្យាល័យ ហ៊ុន សែន រុនតាឯក មានគោលបំណងអភិវឌ្ឍវប្បធម៌អប់រំ ពិសេសឱ្យកុមារធ្វើអំណានឱ្យបានច្រើន។លោកស្រីបានលើកឡើងថា គម្រោងបណ្ណាល័យនេះ និងបន្ដធ្វើនៅខេត្តសៀមរាប ដើម្បីជួយដល់កុមារនៅជនបទដែលមានជីវភាពខ្វះខាត មិនមានសៀវភៅអាន។លោកស្រីបន្ដថា នៅក្នុងបណ្ណាល័យមានសៀវភៅជាច្រើនភាសារ រួមមាន ភាសារខ្មែរ ភាសារអង់គ្លេស ភាសារកូរ៉េ និងមានរូបភាពជាច្រើនទៀត ខណៈដែលក្រុមការងារធ្វើការនៅបណ្ណាល័យសុទ្ធសឹងជាអ្នកនិពន្ធ។លោកស្រី និងក្រុមការងារបានសម្ដែងការសប្បាយចិត្ដខ្លាំង បន្ទាប់បានពីបើកបណ្ណាល័យសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា ដែលសរុបមកដល់ពេលនេះមានចំនួនជាង២០បណ្ណាល័យហើយនៅក្នុងខេត្ដសៀមរាប ដែលបណ្ណាល័យនេះភាគច្រើននៅតាមជនបទ។ ដោយ ៖ ឈិត សាវី













