
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) បាននិយាយកាលពីល្ងាចថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់៤៦នាក់ ភាគច្រើនជាអ្នកគង្វាលសត្វ បានបាត់ខ្លួននៅភាគខាងកើតប្រទេសម៉ុងហ្គោលី ដោយសារព្រិលធ្លាក់ខ្លាំង និងព្យុះទឹកកក។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស្វែងរកអ្នកបាត់ខ្លួននៅក្នុងខេត្ត Sukhbaatar, Khentii, Dornod និងខេត្ត Dornogovi កំពុងធ្វើឡើង។
សេចក្តីថ្លែងការណ៍ និយាយថា ព្យុះទឹកកក និងព្យុះធូលីខ្លាំង បានចាប់ផ្តើមវាយបោកបក់នៅពាសពេញតំបន់ធំៗរបស់ប្រទេសកាលពីថ្ងៃអង្គារ ជាពិសេសនៅក្នុងខេត្ត Gobi ភាគខាងកើតនិងភាគខាងត្បូង បណ្តាលឱ្យមានការមើលឃើញមិនច្បាស់។
សេចក្តីថ្លែងការណ៍និយាយថា អាកាសធាតុដ៏គ្រោះថ្នាក់ត្រូវបានគេរំពឹងថានឹងបន្តពេញមួយសប្តាហ៍នេះ ដោយបានព្រមានដល់សាធារណជន ជាពិសេសអ្នកគង្វាលសត្វនិងអ្នកបើកបរ ឱ្យមានការប្រុងប្រយ័ត្នជាមុនបន្ថែមទៀត ចំពោះគ្រោះមហន្តរាយដែលអាចកើតមាន។
ព្រិលនិងព្យុះទឹកកកធ្លាក់ខ្លាំង បានវាយបោកបក់នៅផ្នែកធំៗច្រើនកន្លែងនៅក្នុងប្រទេសនេះ កាលពីដើមខែ បណ្តាលឲ្យអ្នកគង្វាលសត្វ៨នាក់ស្លាប់។
ប្រទេសម៉ុងហ្គោលី មានអាកាសធាតុនៅលើទ្វីបដែលមិនអំណោយផលខ្លាំង ខណៈតែងតែមានខ្យល់បក់និងព្យុះធូលីខ្លាំងជារឿងធម្មតា ជាពិសេសនៅអំឡុងពេលនិទាឃរដូវ។