
អ្នកនាង Manjita Manandhar ដែលជាអ្នកបង្កើតកម្មវិធី TikTok នេប៉ាល់ បានចំអិនអាហារ និងថតសម្រាប់ការបង្ហោះវីដេអូបន្ទាប់របស់នាង ពេលដែលនាងទទួលបានព័ត៌មាននៅថ្ងៃទី ១៣ ខែវិច្ឆិកាថា ប្រទេសនៅតំបន់ភ្នំហិម៉ាឡៃមួយនេះ បានហាមឃាត់កម្មវិធីព័ត៌មានសង្គមដ៏មានប្រជាប្រិយភាពមួយនេះ ដោយពួកគេលើកឡើងថា វាត្រូវបានប្រើខុសធ្វើឲ្យរំខានដល់សុខុមាលភាពសង្គម និងសុច្ឆន្ទៈ ។
ស្រ្តីវ័យ ២៦ឆ្នាំម្នាក់នេះ ដែលចាប់ផ្តើមប្រើប្រាស់កម្មវិធី TikTok កាលពីឆ្នាំ ២០១៩ និយាយថា នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះការសម្រេចចិត្តភ្លាមៗបែបនេះ ។
រដ្ឋាភិបាលចម្រុះនិយមកណ្តាល-ឆ្វេងរបស់នេប៉ាល់ គឺជារដ្ឋាភិបាលចុងក្រោយគេដែលហាមឃាត់ការប្រើប្រាស់កម្មវិធីវីដេអូឃ្លីបខ្លីៗដ៏ពេញនិយមមួយនេះ បន្ទាប់ពីប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងឥណ្ឌា បានហាមឃាត់ទាំងស្រុង ឬដោយអន្លើ ដោយលើកឡើងពីហេតុផលក្តីកង្វល់សន្តិសុខ ។
ក្រុមអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ និយាយថា ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណេត ត្រូវបានបញ្ជាឲ្យបិទកម្មវិធីមួយនេះ ធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើនបច្ចុប្បន្នមើលឃើញការផ្តាច់ការតភ្ជាប់អ៊ិនធឺណេត ។
អ្នកនាង Manandhar ដែលមុនការហាមឃាត់នេះ នាងអាចរកប្រាក់ចំណូល ១.៥០០ដុល្លារក្នុង១ខែពីការថតស្ប៉តពាណិជ្ជកម្មឲ្យភោជនីយដ្ឋាន សណ្ឋាគារ និងម៉ាកផលិតផលនោះ និយាយថា ខ្ញុំបានរៀបផែនការអ្វីៗគ្រប់បែបយ៉ាងរយៈពេល ១ខែជាមុន ហើយអតិថិជនសន្យាផ្សាយស្ប៉តពាណិជ្ជកម្មរបស់ពួកគេនៅក្នុងកម្មវិធីមួយនេះ ។
អ្នកនាងបន្តទៀតថា អ្វីៗគ្រប់បែបយ៉ាងស្ថិតក្នុងស្ថានភាពច្របូកច្របល់ ហើយតើចម្លើយបែបណាដែលខ្ញុំត្រូវឆ្លើយតបជាមួយអតិថិជនរបស់ខ្ញុំនោះ?
យោងតាមការអះអាងរបស់សមាគមផ្តល់សេវាកម្មអ៊ិនធឺណេតនេប៉ាល់ បានឲ្យដឹងថា មានអ្នកប្រើប្រាស់កម្មវិធី TikTok ចំនួន ២,២លាននាក់នៅក្នុងប្រទេសមានពលរដ្ឋ ៣០លាននាក់មួយនេះ ៕