
ក្រសួងមហាផ្ទៃអាល្លឺម៉ង់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមអាជ្ញាធរអាល្លឺម៉ង់រាប់រយនាក់ បានវាយឆ្មក់អចលនទ្រព្យ ១៥កន្លែងដែលជាប់ពាក់ព័ន្ធនឹងការហាមឃាត់កាលពីពេលថ្មីៗនេះលើសកម្មភាពរបស់ក្រុមហាម៉ាស់ ក៏ដូចជាក្រុមគាំទ្រប៉ាឡេស្ទីន Samidoun បន្ទាប់ពីមានបំរាមផ្លូវការលើសកម្មភាពណាមួយ ឬការគាំទ្រណាមួយដល់ក្រុមជីវពលមួយនេះ ។
ពួកគេបន្តថា ការឆេកឆេរនៅតាមរដ្ឋចំនួន ៤របស់អាល្លឺម៉ង់ ដែលចាប់ផ្តើមនៅវេលាម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក មានគោលដៅពង្រឹងការហាមឃាត់ ក៏ដូចជាបោសសម្អាតរចនាសម្ព័ន្ធខុសច្បាប់របស់ក្រុមហាម៉ាស់ ដែលត្រូវបានគេចាត់ទុកថាជាអង្គការភេរវកម្មនៅក្នុងប្រទេសមួយនេះ និងក្រុមគាំទ្រប៉ាឡេស្ទីន Samidoun ។
គួរឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញបំរាមកាលពីថ្ងៃទី ២ ខែវិច្ឆិកាកន្លងទៅ និងរំលាយក្រុម Samidoun គឺជាក្រុមដែលឈរនៅពីក្រោយការប្រារព្ធពិធីនៅទីក្រុងប៊ែរឡាំង គាំទ្រការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ។
យោងតាមការអះអាងរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានឲ្យដឹងថា មាននូវសមាជិកក្រុមហាម៉ាស់ចំនួន ៤៥០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលសកម្មភាពរបស់ពួកគេមានចាប់ពីការគាំទ្រ និងការឃោសនាដើម្បីផ្តល់ហិរញ្ញប្បទាន និងការប្រមូលការបរិច្ចាគ ៕