
ដំណាក់កាលមួយក្នុងចំណោមដំណាក់កាលនៃការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានផ្ទុះ បន្ទាប់ពីការបំបែកខ្លួន កាលពីថ្ងៃអង្គារ (ទី២១ វិច្ឆិកា)។ នេះបើតាមវីដេអូ ដែលថតបានដោយក្រុមអង្កេតតារាសាស្ត្រកូរ៉េខាងត្បូង បានបង្ហាញ ជាអ្វី ដែលអ្នកវិភាគមួយចំនួន បាននិយាយថា អាចជាការបំផ្លិចបំផ្លាញដោយចេតនា ដើម្បីការពារកុំឲ្យមានការរស់ឡើងវិញ។
ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថី កាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ុនប៉ង ២លើក នៅពេលមុន ក្នុងឆ្នាំនេះ បានបញ្ចប់ទៅដោយគ្រាប់រ៉ុក្កែតធ្លាក់ អំឡុងពេលហោះហើរ។
វីដេអូនេះត្រូវបានថតដោយកាមេរ៉ារបស់សាកលវិទ្យាល័យ Yonsei របស់កូរ៉េខាងត្បូង ដែលប្រើសម្រាប់មើលអាចម៍ផ្កាយ (ផ្កាយធ្លាក់)។ ក្រុមអ្នកវិភាគបាននិយាយថា រូបភាពវីដេអូនោះបង្ហាញពីរ៉ុក្កែត Chollima-1 ហោះកាត់ផ្ទៃមេឃ និងដំណាក់កាលបំបែកខ្លួន។ បន្ទាប់មក ផ្នែកខាងក្រោម ធ្លាក់ទៅឆ្ងាយមួយសន្ទុះ មុនពេលផ្ទុះជាអណ្ដាតភ្លើង និងក្លាយជាសំណុំកម្ទេចកម្ទី៕